មនុស្សយ៉ាងហោចណាស់១០នាក់បានស្លាប់ បន្ទាប់ពីរថភ្លើងដឹកទំនិញបានបុករថយន្តក្រុងពីរជាន់នៅក្នុងប្រទេសម៉ិកស៊ិក។ ឧបទ្ទវហេតុនេះបានកើតឡើងនៅក្នុងតំបន់ឧស្សាហកម្មមួយកន្លែងនៅលើផ្លូវហាយវ៉េមានផ្លូវរថភ្លើងឆ្លងកាត់។
ក្រុមអ្នកឆ្លើយតបដំបូងបានទៅដល់កន្លែងកើតហេតុ ហើយបានបិទតំបន់នោះ។ អាជ្ញាធរនិយាយថា មនុស្សយ៉ាងហោចណាស់៦១នាក់ផ្សេងទៀត បានរងរបួសនៅក្នុងឧបទ្ទវហេតុនេះ។
ការិយាល័យរដ្ឋអាជ្ញារបស់រដ្ឋម៉ិកស៊ិក បាននិយាយថា ៧នាក់ក្នុងចំណោមអ្នកស្លាប់គឺជាស្ត្រី និង៣នាក់ជាបុរស។
វីដេអូផ្សព្វផ្សាយនៅតាមបណ្តាញអ៊ីនធឺណិត បានបង្ហាញឱ្យឃើញរថយន្តក្រុងកម្ពស់២ជាន់បានបើកឆ្លងកាត់ផ្លូវរថភ្លើងខណៈរង់ចាំចរាចរណ៍។ ប្រតិបត្តិកររថភ្លើងក្រុមហ៊ុនកាណាដាប៉ាស៊ីហ្វិកKansasនៃប្រទេសម៉ិកស៊ិក បានបញ្ជាក់ពីឧបទ្ទវហេតុនេះនិងបានផ្ញើសាររំលែកទុក្ខដល់គ្រួសារជនរងគ្រោះ។
ក្រុមហ៊ុនដែលមានមូលដ្ឋាននៅទីក្រុង Calgary ប្រទេសកាណាដា បាននិយាយថា បុគ្គលិករបស់ខ្លួនបានស្ថិតនៅទីតាំងនោះ និងសហការជាមួយអាជ្ញាធរ។