តារាសម្ដែង វិស័យកម្សាន្ត និងផលិតករភាពយន្តសរុបជាង ១.៨០០នាក់ រួមទាំងតារាក្នុងវិស័យហូលីវូដមួយចំនួនរបស់សហរដ្ឋអាមេរិក បានចុះហត្ថលេខាលើលិខិតពហិការរួមមួយ ដែលចេញផ្សាយកាលពីថ្ងៃចន្ទ (៨ កញ្ញា) ដោយសន្យាថាមិនធ្វើការជាមួយស្ថាប័នភាពយន្តអ៊ីស្រាអែលឡើយ ដែលពួកគេមើលឃើញថាមានជាប់ពាក់ព័ន្ធក្នុងការបំពានជនប៉ាឡេស្ទីន ក្នុងសង្រ្គាមតំបន់ហ្កាហ្សា របស់អ៊ីស្រាអែល។
ក្រុមហ៊ុនមួយចំនួនបានប្រឈមនឹងការអំពាវនាវឱ្យធ្វើពហិការ និងការតវ៉ា ជុំវិញទំនាក់ទំនងជាមួយរដ្ឋាភិបាលអ៊ីស្រាអែល ខណៈវិបត្តិមនុស្សធម៌នៅតំបន់ហ្កាហ្សា កាន់តែអាក្រក់ដោយសារការវាយលុករបស់យោធាអ៊ីស្រាអែល និងរូបភាពនៃប្រជាជនប៉ាឡេស្ទីនដែលកំពុងស្រេកឃ្លាន រួមទាំងកុមារស្គមស្គាំង បានបង្កឱ្យមានកំហឹងជាសកល។
លិខិតសន្យាពហិការនោះបានសរសេរថា៖ ដោយបំផុសគំនិតពីផលិតកម្មភាពយន្ត United Against Apartheid ដែលបានបដិសេធមិនចាក់បញ្ចាំងភាពយន្តអ៊ីស្រាអែលនៅអាហ្វ្រិកខាងត្បូង — អ្នកគ្រប់គ្នាដែលចុះហត្ថលេខាលើលិខិតនេះសូមសន្យាថា នឹងមិនចាក់បញ្ចាំងភាពយន្ត បង្ហាញខ្លួនក្នុងកម្មវិធី ឬធ្វើការងារផ្សេងទៀតជាមួយស្ថាប័នភាពយន្តរបស់អ៊ីស្រាអែលឡើយ រួមទាំងពិធីបុណ្យ រោងកុន ការចាក់ផ្សាយ និងផលិតកម្ម ដែលជាប់ពាក់ព័ន្ធក្នុងអំពើប្រល័យពូជសាសន៍ និងការរើសអើងប្រឆាំងនឹងប្រជាជនប៉ាឡេស្ទីន។
លិខិតនេះមិនបានជំរុញគ្រប់គ្នាឱ្យឈប់ធ្វើការជាមួយបុគ្គលអ៊ីស្រាអែលទេ ប៉ុន្តែផ្ទុយទៅវិញ "អំពាវនាវឱ្យបុគ្គលិកភាពយន្ត បដិសេធមិនធ្វើការជាមួយស្ថាប័នអ៊ីស្រាអែលណាដែលពាក់ព័ន្ធក្នុងការរំលោភសិទ្ធិមនុស្សរបស់អ៊ីស្រាអែល"។ រដ្ឋាភិបាលអ៊ីស្រាអែល ពីមុនបានច្រានចោលការអំពាវនាវប្រឆាំងនឹងស្ថាប័នអ៊ីស្រាអែលថាជាការរើសអើង។ អ៊ីស្រាអែលអះអាងថា សកម្មភាពរបស់ខ្លួននៅហ្កាហ្សាគឺជា "សិទ្ធិការពារខ្លួន" បន្ទាប់ពីការវាយប្រហារខែតុលា ឆ្នាំ២០២៣ ដោយពួកសកម្មប្រយុទ្ធហាម៉ាសប៉ាឡេស្ទីន៕