ការដួលរលំនៃរដ្ឋាភិបាលចុងក្រោយបង្អស់របស់បារាំង បានធ្វើឲ្យប្រទេសមានសេដ្ឋកិច្ចធំបំផុតទី២ របស់តំបន់ចាយប្រាក់អឺរ៉ូ លិចចូលកាន់តែជ្រៅទៅក្នុងភាពច្របូកច្របល់នៃកំណើនដ៏ខ្សោយ ការចំណាយលើការខ្ចីប្រាក់ខ្ពស់ និងបន្ទុកបំណុលដែលក្លាយជាបំណុលដ៏ធ្ងន់ធ្ងរបំផុតរបស់អឺរ៉ុប។
ការបដិសេធរបស់សមាជិកសភា ចំពោះរដ្ឋាភិបាលលោកនាយករដ្ឋមន្ត្រី Francois Bayrou នៅក្នុងការបោះឆ្នោតដកសេចក្ដីទុកចិត្ត កាលពីថ្ងៃចន្ទ (ទី៨ ខែកញ្ញា) បានបំផ្លាញឱកាសក្នុងការធ្វើឲ្យមានវឌ្ឍនភាពពិតប្រាកដ នៅឆ្នាំក្រោយ ជុំវិញឱនភាពថវិការបស់ប្រទេសបារាំង ដែលជាទំហំធំបំផុតនៅក្នុងតំបន់ចាយប្រាក់អឺរ៉ូ។

គណបក្សប្រឆាំងបានទម្លាក់អ្នកនយោបាយចាស់វស្សាកណ្ដាលនិយមពីអំណាច គឺលោក Bayrou ជុំវិញផែនការរបស់លោក ក្នុងការកាត់បន្ថយថវិកាចំនួន ៤៤ពាន់លានអឺរ៉ូ (៥២ពាន់លានដុល្លារ) ដែលឥឡូវនេះ នឹងត្រូវបានសម្រាលការរឹតបន្តឹងយ៉ាងខ្លាំងដោយចៀសមិនរួចពីអ្នកណាក៏ដោយ ដែលលោកប្រធានាធិបតី Emmanuel Macron តែងតាំងស្នងតំណែងលោក។
លោក Frederik Ducrozet ប្រធានផ្នែកស្រាវជ្រាវម៉ាក្រូសេដ្ឋកិច្ច នៅក្រុមហ៊ុន Pictet Wealth Management បាននិយាយថា៖ «មិនមានសេណារីយោវិជ្ជមាន គ្មានផ្លូវចេញ គ្មានសេណារីយោអាចជឿទុកចិត្តបានដែលអ្នកត្រូវបញ្ចប់ដោយបរិមាណសារពើពន្ធដូចគ្នា»។
រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ លោក Eric Lombard បានទទួលស្គាល់ថា រដ្ឋាភិបាលបន្ទាប់ដែលត្រូវតែព្រាងថវិកាឆ្នាំ២០២៦ ត្រឹមថ្ងៃទី៧ ខែតុលា នឹងមិនសូវមានមហិច្ឆតាធំដូច លោក Bayrou ដែលជាអ្នកមានភាពតឹងរ៉ឹងចំពោះការកាត់បន្ថយថវិកា។ បច្ចុប្បន្ននេះ លោក Macron មិនបានបង្ហាញពីផែនការ ដើម្បីប្រកាសពីការបោះឆ្នោតសភាមុនអាណត្តិឡើយ ហើយការស្ទង់មតិបង្ហាញថា ការធ្វើដូច្នេះ ក៏មិនអាចបំបែកភាពជាប់គាំងបាននោះដែរ ដោយសារមិនឃើញមានគណបក្សណាមួយទំនងឈ្នះសំឡេងភាគច្រើនដាច់ខាត។
ការិយាល័យសវនកម្ម Cour des Comptes (គួរ៍ ដេស៍ កុំត៍) បានព្រមានកាលពីដើមឆ្នាំនេះថា ការទូទាត់បំណុលរបស់បារាំង ត្រូវបានកំណត់ថា នឹងកើនឡើងដល់ជាង ១០០ពាន់លានអឺរ៉ូ នៅឆ្នាំ២០២៩ ពោលគឺកើនឡើងពី ៥៩ពាន់លាន នៅឆ្នាំ២០២៤ ដែលជាការចំណាយថវិកាដ៏ធំបំផុតតែមួយគត់ ប្រសិនបើកំណើនយឺត ឬការកាត់បន្ថយឱនភាពត្រូវបានបន្ធូរបន្ថយ៕
