យោធារបស់ប្រទេសចិន បាននិយាយនៅថ្ងៃអង្គារ (៩ កញ្ញា) នេះថា ប្រទេសចិន រុស្ស៊ី និងម៉ុងហ្គោលី បានធ្វើសមយុទ្ធការពារព្រំដែនរួមគ្នាជាលើកដំបូងរបស់ពួកគេ នៅក្នុងសប្តាហ៍នេះ ដោយគូសបញ្ជាក់ពីការសម្របសម្រួលផ្នែកសន្តិសុខកាន់តែជិតស្និទ្ធក្នុងចំណោមប្រទេសជិតខាងទាំងបី។
កងទ័ពរំដោះប្រជាជនចិន បាននិយាយក្នុងការបង្ហោះលើគណនីបណ្ដាញសង្គម Weibo ផ្លូវការរបស់ខ្លួនថា សមយុទ្ធនេះត្រូវបានដាក់ឈ្មោះថា "កិច្ចសហប្រតិបត្តិការការពារព្រំដែន - ២០២៥" ហើយបានធ្វើឡើងនៅថ្ងៃចន្ទ និងថ្ងៃអង្គារ ក្នុងសប្ដាហ៍នេះ នៅតំបន់ព្រំដែនមិនបញ្ចេញឈ្មោះ រវាងប្រទេសទាំងបី។

យោធាចិនបាននិយាយថា សមយុទ្ធបាញ់គ្រប់ពិតនោះមានគោលបំណង "ពង្រឹងកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្ត្រក្នុងចំណោមភាគីទាំងបី ពង្រឹងសមត្ថភាពទប់ទល់នឹងការគំរាមកំហែងសន្តិសុខតាមព្រំដែន និងពង្រឹងទំនុកចិត្តគ្នាទៅវិញទៅមកជាយុទ្ធសាស្ត្រ"។
សមយុទ្ធនេះបានធ្វើឡើង ក្រោយពីកិច្ចប្រជុំត្រីភាគីក្នុងចំណោមមេដឹកនាំនៃប្រទេសទាំងបីនៅទីក្រុងប៉េកាំង កាលពីថ្ងៃទី២ ខែកញ្ញា ដែលជារយៈពេលមួយថ្ងៃប៉ុណ្ណោះបន្ទាប់ពីប្រធានាធិបតីចិន លោក Xi Jinping បានធ្វើជាម្ចាស់ផ្ទះមេដឹកនាំជាង ២០រូប នៃប្រទេសមិនមែនលោកខាងលិច សម្រាប់កិច្ចប្រជុំកំពូលរបស់អង្គការសហប្រតិបត្តិការសៀងហៃ (SCO) ខណៈលោកបានជំរុញឱ្យមានសណ្តាប់ធ្នាប់សន្តិសុខ និងសេដ្ឋកិច្ចពិភពលោកថ្មីមួយ៕
