ក្រុមមន្ត្រី កាលពីថ្ងៃចន្ទ (ទី៨ ខែកញ្ញា) បានបញ្ជាក់អះអាងថា នាយករដ្ឋមន្ត្រីនេប៉ាល់ លោក KP Sharma Oli បានលាលែងពីមុខតំណែងហើយ ដោយនាំឲ្យមានការបញ្ចប់តួនាទីរបស់លោកភ្លាមៗ។
ក្រុមមន្ត្រីបាននិយាយថា ការលាលែងរបស់លោក KP Oli កាលពីថ្ងៃចន្ទ កើតឡើងចំពេលមានសម្ពាធខ្លាំងឡើងៗ បន្ទាប់ពីមានការបង្ក្រាបដ៏អាក្រក់បំផុតជាលើកដំបូង ក្នុងរយៈពេលជាច្រើនឆ្នាំ ដែលបានបណ្តាលឲ្យមនុស្សយ៉ាងតិច ១៩នាក់ស្លាប់ និងបញ្ឆេះឲ្យការតវ៉ាទូទាំងប្រទេសឡើងវិញ។
ការចាកចេញរបស់លោកត្រូវបានគេរំពឹងថា នឹងជំរុញឲ្យមានការចរចានយោបាយដ៏តានតឹង នៅពេលដែលភាគីនានា កំពុងប្រញាប់ប្រញាល់ប្រជែងគ្នា ដើម្បីបង្កើតរដ្ឋាភិបាលថ្មី។ ការលាលែងពីតំណែងនេះ ធ្វើឡើងស្របពេលមានបាតុកម្មពេញដោយភាពខឹងសម្បាដែលភាគច្រើនដឹកនាំដោយយុវជននេប៉ាល់។ ដោយផ្គើននឹងបម្រាមគោចរ នាថ្ងៃអង្គារ (ទី៩ ខែកញ្ញា) នេះ ក្រុមអ្នកតវ៉ាបានវិលទៅបង្ហាញខ្លួននៅតាមដងផ្លូវវិញ ដើម្បីប្រកាសពីការខកចិត្ត ចំពោះអំពើពុករលួយ ភាពអត់ការងារធ្វើ និងការហាមឃាត់ដ៏ចម្រូងចម្រាសមិនឲ្យប្រើប្រាស់បណ្ដាញសង្គម ដូចជា Facebook, YouTube និង X ជាដើម មុនពេលមម្រាមនោះត្រូវបានដកចេញវិញ។

នគរបាលបានឲ្យដឹងថា មនុស្ស ១៧នាក់យ៉ាងតិច បានបាត់បង់ជីវិត អំឡុងការប៉ះទង្គិចគ្នា នៅក្នុងទីក្រុង Kathmandu កាលពីថ្ងៃចន្ទ ដោយមានអ្នកស្លាប់ ២នាក់ទៀត ត្រូវបានរាយការណ៍នៅតំបន់ Sunsari។ ជាមួយគ្នានេះ មនុស្សរាប់រយនាក់បានរងរបួស ក្នុងនោះមានរួមទាំងនគរបាលជាង ១០០នាក់ផងដែរ។
ទោះបីជាមានកិច្ចប្រឹងប្រែងរបស់រដ្ឋាភិបាល ដើម្បីផ្សះផ្សា ក្នុងនោះរួមទាំងការផ្ដល់លទ្ធភាពឲ្យប្រើប្រាស់បណ្ដាញសង្គមឡើងវិញ និងការប្រកាសបើកការចរចាពីគ្រប់ភាគីក៏ដោយ ក៏កំហឹងនៅតែបន្តឆបឆេះឡើង។ បាតុករខ្លះបានកំណត់គោលដៅលើអគាររដ្ឋាភិបាល និងទ្រព្យសម្បត្តិដែលជាកម្មសិទ្ធិរបស់អ្នកនយោបាយ ខណៈដែលអ្នកផ្សេងទៀតបានចោទប្រកាន់កងកម្លាំងសន្តិសុខពីបទ «សម្លាប់» ជនស៊ីវិល៕


