អឺរ៉ុប៖ បណ្តាមេដឹកនាំលោកខាងលិចបានបង្កើនការត្រៀមខ្លួន សម្រាប់សកម្មភាពយោធាណាមួយរបស់រុស្ស៊ីចូលប្រទេសអ៊ុយក្រែន ដោយសហរដ្ឋអាមេរិកផ្ដោតទៅលើវិធីការពារការផ្គត់ផ្គង់ថាមពល ហើយប្រធានាធិបតីអាមេរិកលោក Joe Biden និយាយថា លោកនឹងពិចារណាការដាក់ទណ្ឌកម្មដោយផ្ទាល់លើលោកប្រធានាធិបតីរុស្ស៊ី Vladimir Putin។

ភាពតានតឹងនៅក្ដៅ បន្ទាប់ពីអង្គការណាតូបាននិយាយកាលពីថ្ងៃចន្ទថា ខ្លួនកំពុងត្រៀមកម្លាំង និងបង្កើនចំនួនកងទ័ពបន្ថែមទៀតទៅកាន់តំបន់អឺរ៉ុបខាងកើតដោយមានទាំងនាវា និងយន្តហោះចម្បាំង ឆ្លើយតបទៅនឹងទាហានរុស្ស៊ីដែលកំពុងប្រមូលផ្ដុំជិតព្រំដែនជាប់ជាមួយអ៊ុយក្រែន។ ប្រទេសរុស្ស៊ីដែលតែងតែច្រានចោលពីផែនការថា ខ្លួនមានគម្រោងវាយប្រហារអ៊ុយក្រែនបាននិយាយថា ខ្លួនកំពុងតាមដានពោពេញការព្រួយបារម្ភយ៉ាងខ្លាំង។ អ្នកនាំពាក្យក្រុងក្រឹមឡាំងលោក Dmitry Peskov បានបញ្ជាក់ដដែលៗពីជំហររបស់ទីក្រុងមូស្គូថា វិបត្តិនេះបង្កឡើងដោយសកម្មភាពរបស់សហរដ្ឋអាមេរិក និងអង្គការណាតូ មិនមែនដោយសារតែការបង្កើនចំនួនកងទ័ពរបស់រុស្ស៊ីនោះទេ។
ចំណែកប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy នៅក្នុងសុន្ទរកថាជាវីដេអូចាក់ផ្សាយតាមកញ្ចក់ទូរទស្សន៍កាលពីល្ងាចថ្ងៃអង្គារ បានជំរុញដល់អ្នកស្នេហាជាតិរបស់ខ្លួនឲ្យរក្សាភាពស្ងៀមស្ងាត់ និងនិយាយថា ការងារកំពុងប្រព្រឹត្តទៅដើម្បីឈានឆ្ពោះទៅរកលទ្ធភាពនៃជំនួបរវាងរូបលោក និងបណ្ដាមេដឹកនាំរុស្ស៊ី អាល្លឺម៉ង់ និងបារាំង៕
អត្ថបទ៖ សុខមាន