អ៊ីរ៉ង់ និងអង្គការឃ្លាំមើលនុយក្លេអ៊ែរ របស់អង្គការសហប្រជាជាតិ បាននិយាយកាលពីថ្ងៃអង្គារ (៩ កញ្ញា) ថា ពួកគេបានឈានដល់កិច្ចព្រមព្រៀងស្តីពីការបន្តការត្រួតពិនិត្យឡើងវិញ នៅទីតាំងនានា រួមទាំងទីកន្លែងដែលត្រូវបានទម្លាក់គ្រាប់បែកដោយសហរដ្ឋអាមេរិក និងអ៊ីស្រាអែល ប៉ុន្តែមិនបានផ្តល់ព័ត៌មានជាក់លាក់ទេ ហើយទីក្រុងតេអេរ៉ង់ព្រមានលោកខាងលិចថា ផ្លូវទៅកាន់កិច្ចព្រមព្រៀងណាមួយត្រូវបានបិទ ប្រសិនបើទណ្ឌកម្មត្រូវដាក់ឡើងវិញ។

កិច្ចព្រមព្រៀងនេះធ្វើឡើងរវាងប្រធានទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ IAEA លោក Rafael Grossi និងរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araqchi ក្នុងកិច្ចប្រជុំនៅទីក្រុងគែរ ហើយជាគោលការណ៍គួរតែត្រួសត្រាយផ្លូវសម្រាប់ការចាប់ផ្តើមឡើងវិញពេញលេញនៃការត្រួតពិនិត្យទីតាំង ដែលត្រូវបានរំខានដោយការវាយប្រហារដោយយោធាលើរោងចក្រនុយក្លេអ៊ែររបស់អ៊ីរ៉ង់ នៅក្នុងខែមិថុនា។
យ៉ាងណាក៏ដោយ ក្រុមអ្នកការទូតព្រមានថា ចំណុចមិនច្បាស់លាស់គឺនៅក្នុងសេចក្ដីលម្អិតដែលមិនទាន់បញ្ចេញ ហើយទាំងលោក Grossi និងលោក Araqchi មិនបានផ្តល់ព៏ត៌មានលម្អិតណាមួយឡើយ នៅក្នុងសន្និសីទសារព័ត៌មានរួមគ្នាស្តីពីកិច្ចព្រមព្រៀងរបស់ពួកគេ ដែលគ្របដណ្តប់លើអ្វីដែល IAEA បាននិងកំពុងហៅថា "វិធីសាស្រ្ត" អំពីមធ្យោបាយបន្តការត្រួតពិនិត្យ។
កិច្ចព្រមព្រៀងនេះបានកើតឡើង ស្របពេលការគម្រាមកំហែងដែលកំពុងបន្តដោយមហាអំណាចអឺរ៉ុបទាំងបី ក្នុងការដាក់ទណ្ឌកម្មឡើងវិញយ៉ាងទូលំទូលាយ ប្រឆាំងនឹងអ៊ីរ៉ង់ ដែលធ្លាប់ត្រូវបានដកចេញក្រោមកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥ រវាងអ៊ីរ៉ង់ និងមហាអំណាចពិភពលោក៕

