អ្នកនាំពាក្យក្រសួងសាធារណៈការ និងដឹកជញ្ជូន ឯកឧត្តម ផន រឹម បានឲ្យដឹងថា ចាប់ពីពេលនេះតទៅស្ពានលេខ១២ និង១៣ ដែលស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៤ ត្រង់ចំណុចឃុំ អូរបាក់រទះ ខេត្តព្រះ សីហនុនោះ នឹងលេងលិចតទៅទៀតហើយ។
តាមរយៈបណ្តាញសង្គមហ្វេសបុកផ្ទាល់ នារសៀលថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥នេះ ឯកឧត្តម ផន រឹម បានឲ្យដឹងថា ស្ពានលេខ១២-១៣ (ផ្លូវជាតិលេខ៤)ស្ថិតក្នុងឃុំអូរបាក់រទេះ ខេត្តព្រះសីហនុ។
ស្ទើររៀងរាល់ឆ្នាំ ស្ពាននេះតែងរងការជន់លិចកាត់ផ្តាច់ចរាចរណ៍ ពេលរដូវទឹកឡើង ជាពិសេសនៅអំឡុងសីហា និងកញ្ញានេះតែម្តង។
ឯកឧត្តមបានបញ្ជាក់ថា បច្ចុប្បន្នស្ពានចាស់ កម្ពស់ទាប និងតែងលិចទឹក ត្រូវបានជំនួសដោយស្ពានថ្មីដែលមានកម្ពស់ខ្ពស់ ទំហំធំ និងលែងលិចលង់ទៀតហើយ។ ប្រជាពលរដ្ឋតែងហៅថា «ស្ពានស្ទឹងសំរោង»មានទទឹង១១ម៉ែត្រ,បណ្តោយ ១៦០ម៉ែត្រ ចែកចេញជា ៨ប្រឡោះ ដោយប្រឡោះនីមួយៗប្រវែង ២០ម៉ែត្រ ធ្វើពីបេតុង ក្រាលកៅស៊ូACពីរស្រទាប់ ស្ថិតនៅចំណុចPK115+935 ភូមិស្ទឹងសំរោង ឃុំអូរបាក់រទេះ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ។ ស្ពានស្ទឹងសំរោង ចាប់ផ្តើមសាងសង់នៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៣ ដោយបញ្ចប់ការសាងសង់នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៤។
តាមរយៈបណ្តាញសង្គមហ្វេសបុកនេះដែរ ឯកឧត្តម ផឹន រឹម អ្នកនាំពាក្យក្រសួងសាធារណៈការ និងដឹកជញ្ជូន ក៏សូមឲ្យបងប្អូនប្រជាពលរដ្ឋធ្វើដំណើរប្រកបដោយសុវត្ថិភាព និងរីករាយជាមួយសមិទ្ធផលជាតិ ក្រោមម្លប់សុខសន្តិភាព និងការអភិវឌ្ឍលើគ្រប់វិស័យ នាសម័យតេជោធិបតីផងដែរ៕