កាលពីថ្ងៃពុធ ទី១០ ខែកញ្ញា ប្រទេសកូរ៉េខាងត្បូង បានស្នើសុំឱ្យសម្ព័ន្ធមិត្តរបស់ខ្លួនគឺសហរដ្ឋអាមេរិក អនុញ្ញាតឱ្យកម្មករកូរ៉េរាប់រយនាក់ចាកចេញពីប្រទេសឲ្យបានឆាប់រហ័ស និងដោយដៃគ្មានជាប់ខ្នោះ បន្ទាប់ពីពួកគេត្រូវបានឃុំខ្លួននៅក្នុងការឆ្មក់បង្ក្រាបអន្តោប្រវេសន៍នៅរោងចក្រក្រុមហ៊ុន Hyundai ក្នុងរដ្ឋចចា។

រដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូងលោក Cho Hyun បានធ្វើសំណើនេះនៅក្នុងកិច្ចប្រជុំមួយនៅសេតវិមានជាមួយរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio។ ក្រសួងការបរទេសកូរ៉េខាងត្បូងបាននិយាយថា លោក Cho បានស្នើសុំយ៉ាងទទូចនូវការយកចិត្តទុកដាក់និងគាំទ្រជាពិសេសពីរដ្ឋបាលសហរដ្ឋអាមេរិក ដូច្នេះប្រជាជនកូរ៉េដែលត្រូវបានឃុំខ្លួនអាចចាកចេញពីសហរដ្ឋអាមេរិកបានយ៉ាងឆាប់រហ័សដោយគ្មានការរឹតត្បឹតលើរាងកាយដោយជាប់ខ្នោះដៃ ព្រោះពួកគេពុំមែនជាឧក្រិដ្ឋជននោះទេ។

ពលរដ្ឋកូរ៉េខាងត្បូងប្រហែល៣០០នាក់ត្រូវបានចាប់ខ្លួនកាលពីសប្តាហ៍មុន រួមជាមួយនឹងមនុស្ស១៧៥ នាក់ផ្សេងទៀតនៅទីតាំងនៃគម្រោងក្រុមហ៊ុន Hyundai Motor និងក្រុមហ៊ុន LG Energy Solution ក្នុងទឹកប្រាក់៤,៣ពាន់លានដុល្លារអាមេរិកដើម្បីសាងសង់រោងចក្រផលិតអាគុយសម្រាប់រថយន្តអគ្គិសនីនៅរដ្ឋចចា។ ទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់របស់កូរ៉េខាងត្បូងបានរាយការណ៍ថា កម្មករកូរ៉េខាងត្បូងនឹងចាកចេញពីមណ្ឌលឃុំឃាំងតាមរថយន្តក្រុង ហើយបន្តចាកចេញពីសហរដ្ឋអាមេរិកតាមយន្តហោះ ប្រហែលជានៅពេលថ្ងៃត្រង់ថ្ងៃព្រហស្បតិ៍នេះ បន្ទាប់ពីមានការពន្យារពេល។