ភ្នំពេញ៖ ឱកាសពិធីបុណ្យចូលឆ្នាំចិនខិតចូលមកដល់ មន្រ្តីជំនាញនៃនាយកដ្ឋាននគរបាលបង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃក្រសួងមហាផ្ទៃ បានក្រើនរំលឹកពលរដ្ឋ ឱ្យប្រុងប្រយ័ត្នឱ្យបានខ្ពស់ ចំពោះគ្រោះអគ្គិភ័យ ដែលអាចឡើងជាយថាហេតុ ខណៈកងកម្លាំងសមត្ថកិច្ច បានត្រៀមលក្ខណៈគ្រប់ពេលក្នុងការជួយសង្គ្រោះ។
ឧត្តមសេនីយ៍ឯក នេត វន្ថា ប្រធាននាយកដ្ឋាននគរបាលបង្ការ ពន្លត់អគ្គិភ័យ និងសង្រ្គោះ នៃក្រសួងមហាផ្ទៃ បានប្រាប់BTVនៅថ្ងៃនេះថា ក្នុងឱកាសពិធីបុណ្យចូលឆ្នាំចិនខាងមុខនេះ កងកម្លាំងពន្លត់ អគ្គិភ័យ បានត្រៀមលក្ខណៈគ្រប់ពេល ក្នុងករណីមានគ្រោះអគ្គិភ័យកើតឡើងជាយថាហេតុ។ លើសពីនេះ ឧត្តមសេនីយ៍ឯក បានក្រើនរំលឹកប្រជាពលរដ្ឋ ឱ្យមានការប្រុងប្រយ័ត្នឱ្យបានខ្ពស់ ក្នុងការអុជទៀន ធូប ក្រដាសសែន ភ្លើងចង្ក្រាន ចរន្តអគ្គិសនី ដែលអាចបង្កឱ្យមានគ្រោះអគ្គិភ័យកើតឡើងបាន។
បុណ្យចូលឆ្នាំប្រពៃណីចិន គឺជាបុណដ៏សំខាន់មួយ របស់ជនជាតិចិន ឬជាប់សែស្រឡាយចិន តែងតែប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំមិនដែលអាក់ខាននោះឡើយ។ ក្នុងឆ្នាំ២០២២ ថ្ងៃសែនចូលឆ្នាំចិន ត្រូវចំថ្ងៃចន្ទទី៣១ ខែមករា។ ហើយថ្ងៃបុណ្យចូលឆ្នាំចិន ដែលមានរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃ ទី៣ ខែកុម្ភៈ ឆ្នាំ២០២២៕អត្ថបទ៖ ទូច សោភ័ណ
