អតិផរណាអ្នកប្រើប្រាស់ ឬហៅថា សន្ទស្សន៍តម្លៃអ្នកប្រើប្រាស់ CPI នៅសហរដ្ឋអាមេរិក ទំនងជាកើនឡើងក្នុងខែសីហា កន្លងទៅ ដោយសារតម្លៃប្រេងសាំងឡើងខ្ពស់ ព្រោះពន្ធនាំចូលចាប់ផ្ដើមបញ្ចេញឥទ្ធិពល ដោយបង្កើនតម្លៃទំនិញមួយចំនួន ប៉ុន្តែល្បឿននៃកំណើនប្រហែលជាមិនខ្លាំងក្លាគ្រប់គ្រាន់ ដើម្បីបង្អាក់ការបន្ថយអត្រាការប្រាក់ដែលរំពឹងទុក ពីធនាគារកណ្តាលអាមេរិក នៅសប្តាហ៍ក្រោយនេះទេ។

ការស្ទង់មតិរបស់សារ័ត៌មានរ៉យទ័រលើសេដ្ឋវិទូបានបង្ហាញថានៅថ្ងៃពុធ (១០ កញ្ញា) ថា CPI ទំនងជាកើនឡើង ០,៣% កាលពីខែមុន បន្ទាប់ពីកំណើន ០,២% ក្នុងខែកក្កដា។ តម្លៃទំនិញប្រើប្រាស់ទំនងជាត្រូវបង្កើន ដោយសារតម្លៃប្រេសងសាំងខ្ពស់ និងទំនិញតាមផ្សារទំនើប។ ពន្ធគយក៏បង្កើនតម្លៃកាហ្វេផងដែរ ដែលរហូតមកដល់ពេលនេះ បានកើនឡើងច្រើនបំផុតក្នុងពេលជិត ២ឆ្នាំកន្លះ ធៀបនឹងមូលដ្ឋានប្រចាំឆ្នាំ។
របាយការណ៍សន្ទស្សន៍តម្លៃទំនិញប្រើប្រាស់ (CPI) ពិតប្រាកដ ដែលត្រៀមចេញផ្សាយពីការិយាល័យស្ថិតិការងារ (BLS) នៃក្រសួងការងារអាមេរិក នៅថ្ងៃព្រហស្បតិ៍នេះ អាចនៅតែជាក្តីបារម្ភ បន្ទាប់ពីមានព័ត៌មានថ្មីៗនៃការធ្លាក់ចុះលើទីផ្សារការងារ។
ឥទ្ធិពលពន្ធគយរបស់លោកប្រធានាធិបតី Donald Trump រហូតមកដល់ពេលនេះ កំពុងកើតមានបន្តិចម្តងៗ ប៉ុន្តែសេដ្ឋវិទូរំពឹងថា អាចនឹងមានការផ្លាស់ប្តូរក្នុងពេលឆាប់ៗ។ សេដ្ឋវិទូដែលត្រូវស្ទង់មតិក៏បានកត់សម្គាល់ថា អាជីវកម្មបានចាប់ផ្ដើមអស់ទំនិញដែលទិញចូលមុនពេលពន្ធចាប់ផ្ដើម ហើយការស្ទង់មតិអាជីវកម្ម ក៏បង្ហាញពីការកើនឡើងតម្លៃទំនិញទ្រង់ទ្រាយធំដែលជិតមកដល់ផងដែរ៕

