ដោយត្រូវបានរង្គោះរង្គើដោយសារការតវ៉ាដ៏អាក្រក់បំផុត ជាហេតុការណ៍ដែលបានទម្លាក់នាយករដ្ឋមន្ត្រីចាស់វស្សារបស់ប្រទេស និងអគាររដ្ឋសភាត្រូវបានដុត នេប៉ាល់ប្រឈមនឹងសំណួរដ៏តានតឹង ដែលថា តើអ្នកណានឹងឈានជើងចូលមកបំពេញភាពទំនេរផ្នែកនយោបាយនេះ។
ក្នុងរយៈពេលខ្លី កងទ័ពបានទទួលបន្ទុកគ្រប់គ្រងប្រទេសដែលមានប្រជាជនចំនួន ៣០លាននាក់នេះ គិតចាប់តាំងពីការតវ៉ាបានរាលដាលខ្លាំងឡើងៗ នៅថ្ងៃទី៩ ខែកញ្ញា។ ដោយមិនបានផ្តល់ព័ត៌មានលម្អិតបន្ថែម អ្នកនាំពាក្យរបស់កងទ័ព បានប្រាប់ឲ្យដឹង ប្រមុខកងទ័ពនេប៉ាល់ លោកឧត្តមសេនីយ៍ Ashok Raj Sigdel កាលពីថ្ងៃពុធ (ទី១០ ខែកញ្ញា) បានជួបជាមួយឥស្សរជនសំខាន់ៗ និង «តំណាងរបស់ក្រុមអ្នកតវ៉ាយុវជន Gen Z»។
ប៉ុន្តែក្រុមអ្នកវិភាគព្រមានថា ការស្វែងរក «ការរៀបចំប្រព័ន្ធគ្រប់គ្រងអន្តរកាល» ដែលត្រូវបានទទួលស្គាល់ដោយប្រជាជននេប៉ាល់សាមញ្ញ ជាពិសេសក្រុមយុវជនដែលពោរពេញទៅដោយភាពមិនសប្បាយចិត្ត អាចជាកិច្ចការដ៏លំបាកស្មុគស្មាញមួយ។ យ៉ាងណាក្ដី សម្រាប់ពេលនេះ ឥស្សរជនប៉ុន្មាននាក់ បានលេចមុខឡើង ដែលអាចនឹងចូលទៅកាន់តួនាទីដឹកនាំប្រទេស អំឡុងពេលមានភាពចលាចលនេះ។

ជាដំបូងនេះ លោកស្រី Sushila Karki វ័យ ៧៣ឆ្នាំ អតីតប្រធានតុលាការកំពូល ត្រូវបានមនុស្សជាច្រើនមើលឃើញថា ជាមេដឹកនាំបណ្តោះអាសន្នដ៏មានសក្តានុពល។ លោកស្រីបាននិយាយថា ការពិភាក្សារវាងភាគីនានា គឺមានសារៈសំខាន់ណាស់។ លោកស្រី Karki បានប្រាប់បណ្ដាញសារព័ត៌មានថា៖ «អ្នកជំនាញចាំបាច់ត្រូវរួមគ្នា ដើម្បីរកផ្លូវឆ្ពោះទៅមុខ។ សភាត្រូវតែនៅតែបន្តការងាររបស់ខ្លួន»។
អ្នកផ្សេងទៀតដែលទទួលបានការចាប់អារម្មណ៍ខ្លាំងៗ ក្នុងចំណោមក្មេងៗ គឺលោក Balenndra Shah អាយុ ៣៥ឆ្នាំ ជាតារាចម្រៀងរ៉េបប្រែក្លាយទៅជាវិស្វករ ដែលបានឈ្នះការប្រកួតប្រជែងតំណែងអភិបាលក្រុង Kathmandu ក្នុងឆ្នាំ២០២២។ អ្នកគួរឲ្យអារម្មណ៍ផងដែរ គឺលោក Sudan Gurung វ័យ ៣០ឆ្នាំ ដែលជាអ្នកដឹកនាំក្រុមសិទ្ធិមនុស្សយុវជន Hami Nepal។ ជាមួយគ្នានេះ ការគាំទ្រសាធារណៈមួយចំនួន ចំពោះស្ដេចដែលត្រូវបានទម្លាក់ពីរាជបល្ល័ង្ក បានកើនឡើង ចាប់តាំងពីមានការមិនពេញចិត្តជាមួយអ្នកនយោបាយដែលកំពុងកាន់អំណាច។ ប៉ុន្តែអ្នកវិភាគបានលើកឡើងថា ទោះបីជាព្រឹត្តិការណ៍នយោបាយប្រែប្រួលយ៉ាងឆាប់រហ័សនៅក្នុងខែកញ្ញាក៏ដោយ ក៏ការវិលមកវិញរបស់អតីតព្រះមហាក្សត្រ នៅតែមិនទំនងកើតឡើងឡើយ៕


