ភ្នំពេញ៖ ឯកឧត្តម ឃឹម ហ្វីណង់ អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា ក្នុងកម្មវិធីផ្គូរផ្គងកសិពាណិជ្ជកម្ម រវាងក្រុមហ៊ុននៅក្នុងវិស័យកសិកម្មជាង២០មកពីប្រទេសឥណ្ឌា ជាមួយក្រុមហ៊ុននៅក្នុងស្រុករបស់កម្ពុជា បណ្ដាក្រុមហ៊ុនឥណ្ឌាជាច្រើនចាប់អារម្មណ៍វិនិយោគលើការកែច្នៃផលិតផលកសិកម្មនៅកម្ពុជា និងចង់នាំចេញគ្រាប់ស្វាយចន្ទីដែលឥណ្ឌាកំពុងមានតម្រូវការខ្ពស់។
ឯកឧត្តម ឃឹម ហ្វីណង់ បានថ្លែងបែបនេះ ក្នុងឱកាស តំណាងឯកឧត្តមរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចូលរួមជាអធិបតីក្នុងកម្មវិធីផ្គូរផ្គងកសិពាណិជ្ជកម្ម រវាងក្រុមហ៊ុននៅក្នុងវិស័យកសិកម្មជាង២០មកពីប្រទេសឥណ្ឌាជាមួយក្រុមហ៊ុននៅក្នុងស្រុក កាលពីថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៥នេះ។
ឯកឧត្តមបានថ្លែងថា ក្នុងឱកាសនោះ ក្រុមហ៊ុនឥណ្ឌាទាំងនេះចាប់អារម្មណ៍ចង់សិក្សាឈ្វេងយល់ពីសក្តានុពលសម្រាប់ការនាំចេញនាំចូលកសិផលពីប្រទេសទាំងសងខាង និងពិនិត្យលទ្ធភាពក្នុងការវិនិយោគលើការកែច្នៃនៅក្នុងស្រុក ជាពិសេសការនាំចេញគ្រាប់ស្វាយចន្ទីពីប្រទេសកម្ពុជាទៅកាន់ប្រទេសឥណ្ឌា ស្របពេលដែលឥណ្ឌាមានតម្រូវការនាំចូលគ្រាប់ស្វាយចន្ទីក្នុងបរិមាណធំ និងភាគច្រើននាំចូលពីបណ្តាប្រទេសអាហ្វ្រិកក្នុងពេលកន្លងមក៕