ក្រុមអ្នកវិភាគបានលើកឡើងថា កិច្ចពិភាក្សាជាបន្តបន្ទាប់ រវាងអ្នកការទូត និងប្រមុខការពារជាតិជាន់ខ្ពស់របស់សហរដ្ឋអាមេរិក និងចិន អាចជា «ជំហានដ៏តូចមួយ» ឆ្ពោះទៅរកការមានកិច្ចប្រជុំ រវាងមេដឹកនាំនៃប្រទេសទាំង២ ប៉ុន្តែបានព្រមានកុំឲ្យរំពឹងទុកថា ជំនួបកំពូលបែបនេះនឹងកើតឡើងឆាប់ៗនោះ។
លើកចុងក្រោយ ដែលប្រធានាធិបតីអាមេរិក លោក Donald Trump និងមេដឹកនាំចិន លោក Xi Jinping បានជួបប្រជុំគ្នា គឺនៅឆ្នាំ២០១៩ ដូច្នេះ ក្រសែភ្នែកទាំងអស់ នឹងសម្លឹងទៅដល់ការមានការពិភាក្សាណាមួយ អំពីបញ្ហារសើបនានា ដូចជាកោះតៃវ៉ាន់ សមុទ្រចិនខាងត្បូង និងការដំឡើងពន្ធរបស់អាមេរិកជាដើម។

ភាពតានតឹង រវាងប្រទេសដែលមានសេដ្ឋកិច្ចធំបំផុតជាងគេរបស់ពិភពលោកទាំង២ បានបន្តមានកម្ដៅ ក្នុងឆ្នាំនេះ ប៉ុន្តែបានថមថយបន្តិច ចាប់តាំងពីខែមេសា នៅពេលដែលប្រទេសទាំង២ បានដំឡើងពន្ធលើការនាំចេញរបស់គ្នាទៅវិញទៅមក។ លោក Trump និងលោក Xi បានជជែកគ្នាចុងក្រោយ កាលពីខែមិថុនា តាមទូរសព្ទ។
កាលពីថ្ងៃពុធ (ទី១០ ខែកញ្ញា) រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio បានប្រាប់សមភាគីចិន លោក Wang Yi អំឡុងការជជែកតាមទូរសព្ទថា លោកចង់ឲ្យមានកិច្ចសន្ទនាប្រកបដោយស្ថាបនា និងបើកចំហជាមួយប្រទេសចិន។
ហើយបើយោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសចិន បានឲ្យដឹងថា លោក Wang បានពណ៌នាការនិយាយតាមទូរសព្ទជាមួយលោក Rubio ថា ជាផ្លែផ្កា ប៉ុន្តែបានព្រមានថា «ពាក្យសម្តីអវិជ្ជមានថ្មីៗ និងទង្វើរបស់ភាគីអាមេរិក បានធ្វើឲ្យប៉ះពាល់ដល់សិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់ប្រទេសចិន»។
សាស្ត្រាចារ្យរងនៅសាកលវិទ្យាល័យ Nanyang Technological University របស់ប្រទេសសិង្ហបុរី លោក Dylan Loh បាននិយាយថា កិច្ចពិភាក្សានេះ គឺជាការបន្តនូវកិច្ចសន្ទនាពីមុន និងកាយវិការដែលធ្វើឡើងដោយមេដឹកនាំទាំង២ និងការចរចាលើកិច្ចព្រមព្រៀងពាណិជ្ជកម្ម។ លោក Loh បានបញ្ជាក់ប្រាប់បណ្ដាញសារព័ត៌មានថា៖ «វាជាជំហានដ៏វិជ្ជមានមួយ សម្រាប់ខ្ញុំ ប៉ុន្តែមានជំហានជាច្រើនទៀតដែលត្រូវធ្វើ»៕
