ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ នឹងជួបប្រជុំគ្នានៅថ្ងៃសុក្រ ទី១២ ខែកញ្ញានេះ ដើម្បីពិភាក្សាអំពីការលុកលុយដោយយានដ្រូនចូលទៅក្នុងដែនអាកាសរបស់ប្រទេសប៉ូឡូញដែលប្រធានាធិបតីប្រទេសបានចាត់ទុកថាជាការប៉ុនប៉ងរបស់រុស្ស៊ីដើម្បីសាកល្បងទីក្រុងវ៉ាសាវី និងការឆ្លើយតបរបស់សម្ព័ន្ធយោធាណាតូ។

ប្រទេសប៉ូឡូញ ក៏បានហាមឃាត់ការបង្ហោះយានដ្រូននៅតាមបណ្តោយព្រំដែនភាគខាងកើតរបស់ខ្លួនជាមួយប្រទេសបេឡារុស និងអ៊ុយក្រែន ហើយបានដាក់កម្រិតចរាចរណ៍ផ្លូវអាកាសនៅទីនោះ បន្ទាប់ពីបានបាញ់ទម្លាក់នូវអ្វីដែលខ្លួនបាននិយាយថាជាយានដ្រូនរបស់រុស្ស៊ីដែលបានរំលោភលើដែនអាកាសរបស់ខ្លួនកាលពីថ្ងៃពុធ សប្តាហ៍នេះ។ ប្រទេសអាល្លឺម៉ង់បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ខ្លួននឹងពង្រឹងការប្តេជ្ញាចិត្តចំពោះព្រំដែនភាគខាងកើតរបស់ណាតូ ក្នុងការឆ្លើយតបទៅនឹងការលុកលុយបែបនេះ។ រុស្ស៊ីនិយាយថា ខ្លួនគ្មានបំណងវាយប្រហារគោលដៅណាមួយនៅក្នុងប្រទេសប៉ូឡូញទេ ។

មេបញ្ជាការជាន់ខ្ពស់សម្ព័ន្ធយោធាណាតូម្នាក់បាននិយាយថា គេមិនទាន់ដឹងថា តើការលុកលុយនៃយានដ្រូនធ្វើឡើងដោយចេតនាឬយ៉ាងណានោះទេ។ ប៉ុន្តែឧបទ្ទវហេតុនេះបានចោទជាសំណួរអំពីការត្រៀមខ្លួនរបស់ណាតូប្រឆាំងនឹងការវាយប្រហារដោយយានដ្រូន ដែលបានបញ្ឆេះភាពតានតឹងជាមួយរុស្ស៊ីនិងបានជំរុញឱ្យមេដឹកនាំប្រទេសលោកខាងលិចមួយចំនួនស្វែងរកការដាក់ទណ្ឌកម្មថ្មីលើទីក្រុងមូស្គូ និងចោទសួរពីការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះកិច្ចខិតខំប្រឹងប្រែងសន្តិភាពនៅអ៊ុយក្រែន។ ប្រធានាធិបតីប៉ូឡូញ លោក Karol Nawrocki បានប្រាប់ក្រុមទាហានកាលពីថ្ងៃព្រហស្បតិ៍ថា «ការបង្កហេតុរបស់រុស្ស៊ី ដូចដែលឧត្តមសេនីយ៍និងទាហានរបស់យើងបានដឹងច្បាស់ហើយ គ្មានអ្វីក្រៅពីការប៉ុនប៉ងសាកល្បងសមត្ថភាពរបស់យើងនោះទេ ព្រមទាំងសមត្ថភាពរបស់យើងក្នុងការឆ្លើយតប»។ សមាជិកក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ មានប្រទេស ស្លូវេនី ដាណឺម៉ាក ក្រិក បារាំង និងប្រទេសអង់គ្លេស បានស្នើឱ្យស្ថាប័នដែលមានសមាជិក ១៥ ប្រទេសជួបប្រជុំគ្នាជុំវិញឧបទ្ទវហហេតុនេះ។