ប្រភពដែលដឹងពីកិច្ចពិភាក្សា បានប្រាប់សារព័ត៌មានរ៉យទ័រនៅថ្ងៃសុក្រ (១២ កញ្ញា) នេះថា អតីតរដ្ឋមន្រ្តីក្រសួងយុត្តិធម៌របស់ប្រទេសនេប៉ាល់ លោកស្រី Sushila Karki ទំនងជាត្រូវបានតែងតាំងជានាយករដ្ឋមន្ត្រីបណ្តោះអាសន្ន បន្ទាប់ពីមានការតវ៉ាយ៉ាងហិង្សា ដែលនាំទៅដល់ការលាលែងពីតំណែងរបស់លោកនាយករដ្ឋមន្ត្រី K.P. Sharma Oli។

ភាពចលាចលដ៏អាក្រក់បំផុតរបស់ប្រទេសតំបន់ភ្នំហិម៉ាឡៃមួយនេះក្នុងរយៈពេលជាច្រើនឆ្នាំ បានមើលលឃើញមនុស្សជាង ៣០នាក់ស្លាប់ និងរងរបួសជាង ១.៣០០នាក់ ក្នុងការតវ៉ាដែលត្រូវបញ្ឆេះឡើងដោយបម្រាមប្រព័ន្ធផ្សព្វផ្សាយសង្គម។
អ្នកជំនាញធម្មនុញ្ញមួយរូប ដែលដឹងពីការពិគ្រោះយោបល់រវាងលោកប្រធានាធិបតី Ramchandra Paudel និងប្រធានកងទ័ព Ashok Raj Sigdel រឿងស្វែងរកប្រមុខដឹកនាំនេប៉ាល់ថ្មី បាននិយាយថា "លោកស្រី Sushila Karki នឹងត្រូវតែងតាំងជានាយករដ្ឋមន្ត្រីបណ្តោះអាសន្ន"។
ការតែងតាំងលោកស្រី Karki ទំនងជាត្រូវធ្វើឡើងជាផ្លូវការ បន្ទាប់ពីកិច្ចប្រជុំមួយនៅនិវេសនដ្ឋានរបស់លោក Paudel ដែលបានកំណត់នៅថ្ងៃសុក្រ នៃវេលាម៉ោងក្នុងស្រុក ៩ព្រឹក នេះបើយោងតាមប្រភពបាតុករ Gen Z ដែលចូលរួមក្នុងកិច្ចពិភាក្សានេះ។ ការិយាល័យប្រធានាធិបតី និងអ្នកនាំពាក្យកងទ័ពនេប៉ាល់ មិនបានឆ្លើយតបទៅនឹងសំណើសុំការធ្វើអត្ថាធិប្បាយលើបញ្ហានេះនៅឡើយទេ៕

