សារព័ត៌មាន Al Jazeera Arabic បានរាយការណ៍ថា កងកម្លាំងអ៊ីស្រាអែលបានឃាត់ខ្លួនពលរដ្ឋប៉ាឡេស្ទីនជាង១០០នាក់ក្នុងការវាយឆ្មក់នៅទីក្រុង Tulkarem តំបន់កាន់កាប់West Bank ហើយបានដាក់បម្រាមគោចរ ខណៈការវាយលុករបស់អ៊ីស្រាអែលនៅទីក្រុងហ្កាហ្សា បានបង្ខំឱ្យប្រជាជនប៉ាឡេស្ទីនជាង ២០០.០០០នាក់ភៀសខ្លួនចេញពីកណ្តាលទីក្រុង នៅក្នុងតំបន់ហ៊ុមព័ទ្ធមួយនេះ។

បានរាយការណ៍នៅពេលមុននេះ យោធាអ៊ីស្រាអែលបាននិងកំពុងធ្វើការវាយឆ្មក់នៅទីក្រុង Tulkarem បន្ទាប់ពីបាននិយាយថាទាហានអ៊ីស្រាអែលពីរនាក់បានរងរបួសនៅពេលដែលរថយន្តរបស់ពួកគេត្រូវបាន «វាយប្រហារដោយគ្រឿងផ្ទុះ» ។
អ្នកឆ្លើយឆ្លងព័ត៌មាន WAFA បានរាយការណ៍ថា ទាហានបានសម្រុកចូលហាងទំនិញ និងហាងកាហ្វេ ឃាត់ខ្លួនអ្នកភ្ញៀវ ព្រមទាំងពលរដ្ឋនៅក្នុងរថយន្តរបស់ពួកគេ ដោយបង្ខំឱ្យពួកគេដើរជាជួរឆ្ពោះទៅកាន់ប៉ុស្តិ៍ត្រួតពិនិត្យយោធាអ៊ីស្រាអែល។

កងកម្លាំងអ៊ីស្រាអែលបានបើកយុទ្ធនាការអំពើហិង្សានៅតំបន់កាន់កាប់ West Bank បន្ទាប់ពីមនុស្ស៦ នាក់ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារដោយការបាញ់កាំភ្លើងនៅទីក្រុងហ្សេរុយសាឡឹមខាងកើត កាលពីដើមសប្តាហ៍នេះ។ ស្លាបប្រដាប់អាវុធរបស់ក្រុមហាម៉ាស គឺកងពល Qassam បានអះអាងទទួលខុសត្រូវចំពោះការបាញ់ប្រហារនេះ ដែលជនសង្ស័យទាំងពីរនាក់ត្រូវបានសម្លាប់។
ក្នុងការឆ្លើយតប អ៊ីស្រាអែលបានបញ្ជាឱ្យរុះរើផ្ទះរបស់ជនសង្ស័យទាំងពីរនាក់នោះ ព្រមទាំងដាក់ទណ្ឌកម្មលើសមាជិកគ្រួសាររបស់ពួកគេ និងអ្នករស់នៅក្នុងទីក្រុងមួយចំនួននៅតំបន់ West Bank ។