នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយកាលពីថ្ងៃព្រហស្បតិ៍ (១១ កញ្ញា) ដើម្បីជំរុញទៅមុខជាមួយនឹងផែនការពង្រីកការតាំងទីលំនៅ E1 ដ៏ចម្រូងចម្រាស ដែលនឹងលុបបំបាត់គំនិតរដ្ឋប៉ាឡេស្ទីន ដោយការកាត់ផ្តាច់ទឹកដីដែលប៉ាឡេស្ទីនប្រឹងប្រែងរក្សាទុកដើម្បីបង្កើតជារដ្ឋមួយ។

ក្នុងអំឡុងពេលដំណើរទៅកាន់ទីតាំងលំនៅ Maale Adumim ក្នុងតំបន់កាន់កាប់ West Bank នោះ លោក Netanyahu បាននិយាយថា "បែបនេះនឹងមិនមានរដ្ឋប៉ាឡេស្ទីនទៀតទេ។ កន្លែងនេះគឺជារបស់អ៊ីស្រាអែលហើយ ហើយអ៊ីស្រាអែលនឹងការពារបេតិកភណ្ឌ ទឹកដី និងសន្តិសុខរបស់ខ្លួន"។
កាលពីខែមុន គម្រោង E1 ដែលនឹងពុះបំបែកតំបន់ West Bank ហើយកាត់ចេញពីក្រុងហ្សេរុយសាឡិមខាងកើតនេះ បានទទួលការយល់ព្រមចុងក្រោយពីគណៈកម្មការរៀបចំផែនការរបស់ក្រសួងការពារជាតិ។ ការចុះហត្ថលេខារបស់លោក Netanyahu នេះកើតឡើងត្រឹមតែ ២ថ្ងៃប៉ុណ្ណោះ បន្ទាប់ពីអ៊ីស្រាអែល ព្យាយាមសម្លាប់មេដឹកនាំក្រុមហាម៉ាស នៅប្រទេសកាតា ហើយត្រូវថ្កោលទោសយ៉ាងពេញទំហឹង ដែលអាចនឹងបន្ថែមសម្ពាធលើទំនាក់ទំនងដ៏តានតឹងរួចទៅហើយជាមួយសម្ព័ន្ធមិត្តជាច្រើនរបស់ខ្លួន។
ការចាប់ផ្តើមគម្រោង E1 នេះអាចធ្វើឱ្យអ៊ីស្រាអែល កាន់តែឯកោបន្ថែមទៀត ខណៈសម្ព័ន្ធមិត្តលោកខាងលិចមួយចំនួនបានខកចិត្តដោយសារសោកនាដកម្មនៃសង្គ្រាមហ្កាហ្សា ហើយបានប្រកាសថា ពួកគេអាចទទួលស្គាល់រដ្ឋប៉ាឡេស្ទីន នៅឯមហាសន្និបាតអង្គការសហប្រជាជាតិ នៅចុងខែកញ្ញានេះ៕

