ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC) កាលពីថ្ងៃព្រហស្បតិ៍ (ទី១១ ខែកញ្ញា) បានថ្កោលទោសការវាយប្រហារលើប្រទេសកាតា នៅដើមសប្តាហ៍នេះ និងបានអំពាវនាវឲ្យមានការកាត់បន្ថយភាពតានតឹង តែមិនបញ្ចេញឈ្មោះអ៊ីស្រាអែលដែលបានធ្វើការវាយប្រហារនេះឡើយ។

ក្រុមប្រឹក្សាសន្តិសុខ ដែល «បានគូសបញ្ជាក់ពីសារៈសំខាន់នៃការកាត់បន្ថយភាពតានតឹង និងបង្ហាញពីសាមគ្គីភាពរបស់ពួកគេជាមួយកាតា» បានលើកឡើងពីសេចក្តីថ្លែងការណ៍ដែលតម្រូវឲ្យមានកិច្ចព្រមព្រៀងពីសមាជិករបស់ក្រុមប្រឹក្សាទាំង ១៥ប្រទេស ក្នុងនោះមានរួមទាំងសម្ព័ន្ធមិត្តរបស់អ៊ីស្រាអែល គឺសហរដ្ឋអាមេរិកផងដែរ។
ហើយជាមួយគ្នានេះ សមាជិកក្រុមប្រឹក្សាក៏បាន «គូសបញ្ជាក់អំពីការគាំទ្ររបស់ខ្លួន ចំពោះអធិបតេយ្យភាព និងបូរណភាពទឹកដីនៃប្រទេសកាតា»។
គួរបញ្ជាក់ថា កាលពីថ្ងៃអង្គារ (ទី៩ ខែកញ្ញា) អ៊ីស្រាអែលបានបើកការវាយប្រហារមិនធ្លាប់មានពីមុនមកលើរដ្ឋធានីដូហារបស់កាតា ដោយដាក់គោលដៅលើមេដឹកនាំក្រុមហាម៉ាស។ តែក្រុមនេះបានបញ្ជាក់ថា មន្ត្រីជាន់ខ្ពស់របស់ខ្លួនបានរួចរស់ជីវិត ខណៈសមាជិករបស់ក្រុមចំនួន ៥នាក់បានបាត់បង់ជីវិត ហើយសមាជិកកងកម្លាំងសន្តិសុខកាតាម្នាក់ ក៏ត្រូវបានសម្លាប់ផងដែរ។
សេចក្តីថ្លែងការណ៍របស់ក្រុមប្រឹក្សាសន្តិសុខនេះ បានហៅទីក្រុងដូហាថា ជា «ដែនដីនៃអ្នកសម្រុះសម្រួលដ៏សំខាន់មួយ» សម្រាប់កិច្ចចរចាសន្តិភាព រវាងអ៊ីស្រាអែល និងក្រុមហាម៉ាស រួមជាមួយអេហ្ស៊ីប និងសហរដ្ឋអាមេរិក។
យ៉ាងណាក្ដី សេចក្តីថ្លែងការណ៍នោះបានបញ្ជាក់បន្ថែមថា៖ «សមាជិកក្រុមប្រឹក្សា បានគូសបញ្ជាក់ថា ការដោះលែងចំណាប់ថ្នូរ រួមទាំងអ្នកដែលត្រូវបានសម្លាប់ដោយក្រុមហាម៉ាស និងការបញ្ចប់សង្គ្រាម និងការរងទុក្ខវេទនា នៅហ្កាហ្សា ត្រូវតែជាអាទិភាពធំជាងគេរបស់យើង»៕

