សៀមរាប៖ មន្ដ្រីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចុះសង្កេត និងពិនិត្យវាយតម្លៃការផ្តល់ប័ណ្ណសមធម៌ និងការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩ នៅឃុំរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប ។
លោក ចន ណារិទ្ធ អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការក្រុមប្រឹក្សាជាតិគាំពារសង្គម បានលើកឡើងថា ការចុះសង្កេត និងពិនិត្យវាយតម្លៃនេះ ជាសកម្មភាពជាប្រចាំរបស់អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិគាំពារសង្គម និងក្រសួង-ស្ថាប័នពាក់ព័ន្ធ នៅតាមមូលដ្ឋាន ទាំងនៅទីក្រុង ទីប្រជុំជន និងទីជនបទ ដើម្បីធានាបាននូវប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព ក្នុងការកំណត់គ្រួសារគោលដៅ និងការអនុវត្តកម្មវិធីជំនួយសង្គមរបស់រាជរដ្ឋាភិបាល ដែលកំពុងអនុវត្តក្រោមការដឹកនាំ និងសម្របសម្រួលរបស់ក្រុមប្រឹក្សាជាតិគាំពារសង្គម។
ឯកឧត្តម បានលើកឡើងថា ប័ណ្ណសមធម៌នេះ ត្រូវបានផ្ដល់ជូនគ្រួសារ ដែលមានភាពខ្វះខាតក្នុងជីវភាព និងងាយរងគ្រោះរយៈពេលជាង ១៣ឆ្នាំហើយ សម្រាប់កំណត់គោលដៅនៃការផ្ដល់ការគាំពារពលរដ្ឋដែលខ្វះខាត ជាពិសេសផ្ដោតលើសេវាសុខាភិបាល ដោយរដ្ឋជាអ្នកចេញថ្លៃព្យាបាល និងចំណាយពាក់ព័ន្ធផ្សេងជំនួស ក្នុងបរិបទនៃការអភិវឌ្ឍប្រព័ន្ធគាំពារសង្គម ជាពិសេស នៅក្នុងអំឡុងពេលនៃការរីករាលដាលនៃកូវីដ-១៩។
គ្រួសារក្រីក្រ និងងាយរងគ្រោះ ដែលត្រូវបានកំណត់អត្តសញ្ញាណ និងមានបណ្ណសមធម៌ បាននឹងកំពុងទទួលការគាំពារ និងការផ្ដល់ប្រាក់ឧបត្ថម្ភពីរដ្ឋ។
ឯកឧត្ដមបញ្ជាក់ថា ប្រព័ន្ធកំណត់អត្តសញ្ញាណនេះត្រូវបានកែលម្អជាបន្តបន្ទាប់ និងដាក់ឱ្យអនុវត្តនូវយន្តការតាមការស្នើសុំផងដែរ។
ឯកឧត្តម បានដឹកនាំក្រុមការងារចុះសួរសុខទុក្ខកុមារា គង់ សីហា ដែលត្រូវបានមហាជនចាប់អារម្មណ៍ខ្លាំង បន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានបង្ហោះលើបណ្តាញសង្គម កាលពីពេលកន្លងទៅនេះ។
ឯកឧត្ដម បានបន្ថែមថា ដោយមានការយកចិត្តទុកដាក់ពីអាជ្ញាធរមូលដ្ឋាន និងសប្បុរសជននានា ស្ថានភាពគ្រួសារកុមារ គង់ សីហា មានភាពល្អប្រសើរច្រើនជាងមុន ហើយបច្ចុប្បន្នកុមាររូបនេះ កំពុងតែទទួលបានការរៀនសូត្រយ៉ាងពេញលេញ នៅក្នុងសាលាបឋមសិក្សាជ័យ នៃឃុំរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប ។
បន្ថែមពីនេះ គ្រួសារ កុមារ គង់ សីហា ក៏ជាគ្រួសារក្រីក្រមួយក្នុងចំណោមគ្រួសារក្រីក្រដទៃទៀត ដែលមានបណ្ណសមធម៌ និងកំពុងទទួលបានប្រាក់ឧបត្ថម្ភជាទៀងទាត់ពីរាជរដ្ឋាភិបាលកម្ពុជា ក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩ និងការទទួលបានអត្ថប្រយោជន៍ជាច្រើនផ្សេងទៀតពីបណ្ណសមធម៌នេះ។
ជាមួយគ្នានោះ ក្រុមការងារក៏បានទៅពិនិត្យមើលជីវភាព និងការរស់នៅរបស់ប្រជាពលរដ្ឋ ដែលបានផ្លាស់ទីលំនៅពីតំបន់មាត់ស្ទឹងក្រុងសៀមរាប ទៅរស់នៅដីដែលរដ្ឋផ្ដល់ឱ្យនៅភូមិរុនតាឯកផងដែរ៕ អត្ថបទ៖ ឈិត សាវី




