ការិយាល័យទទួលបន្ទុកបញ្ហាគ្រឿងញៀន និងឧក្រិដ្ឋកម្មរបស់អង្គការសហប្រជាជាតិ(UNODC)បានព្រមានថា ទីម័រខាងកើត អាចនឹងក្លាយជាគោលដៅចុងក្រោយគេសម្រាប់ប្រតិបត្តិការរបស់មជ្ឈមណ្ឌលឆបោកតាមអនឡាញដែលកំពុងញាំញីតំបន់អាស៊ីអាគ្នេយ៍ និងតំបន់ក្បែរៗនោះ ។
UN បានចេញការព្រមានផ្លូវការកាលពីថ្ងៃព្រហស្បតិ៍ថា បណ្តាញឧក្រិដ្ឋកម្មឆ្លងដែន បានជ្រៀតចូលតំបន់រដ្ឋបាលពិសេស Oecusse Ambeno របស់ទីម័រខាងកើត តាមរយៈគម្រោងវិនិយោគបរទេស ។
តំបន់ Oecusse គឺជាដែនដីហ៊ុមព័ទ្ធមួយរបស់ទីម័រខាងកើតស្ថិតនៅទាំងមូលក្នុងដែនដីឥណ្ឌូនេស៊ី និងមានព្រំដែនជាប់សមុទ្រ Savu ។
យោងតាមការអះអាងរបស់ការិយាល័យ UNODC បានឲ្យដឹងថា រដ្ឋាភិបាលទីម័រខាងកើត បានបង្កើតតំបន់ពាណិជ្ជកម្មឌីជីថតនៅទីនោះ កាលពីខែធ្នូ ឆ្នាំ ២០២៤ ប៉ុន្តែការវាយឆ្មក់អនុវត្តច្បាប់កាលពីខែសីហា បង្ហាញពីការលេចឡើងសកម្មភាពមជ្ឈមណ្ឌលឆបោកតាមអនឡាញ ។
UNODC និយាយនៅក្នុងសេចក្តីថ្លែងការណ៍កាលពីថ្ងៃព្រហស្បតិ៍ថា ការវិភាគ បានភ្ជាប់ប្រតិបត្តិការទាំងនេះជាមួយអង្គភាពដែលមានការជាប់ពាក់ព័ន្ធនឹងឧក្រិដ្ឋជនតាមអនឡាញដែលត្រូវបានកាត់ទោស ប្រតិបត្តិករល្បែងស៊ីសងនៅឯនាយសមុទ្រ និងបណ្តាញតភ្ជាប់មុំ ៣ ។
ការិយាល័យ UNODC និយាយថា ការវាយឆ្មក់លើសណ្ឋាគារនៅតំបន់ Oecusse រកឃើញស៊ីមកាត និងឧបករណ៍ផ្កាយរណប Starlink ដែលដូចគ្នានឹងលំនាំសកម្មភាពរកឃើញនៅមជ្ឈមណ្ឌលឆបោកទូទាំងតំបន់អាស៊ីអាគ្នេយ៍ ៕