ប៉ូឡូញបិទព្រំដែនរបស់ខ្លួនជាមួយបេឡារុសនៅយប់ពាក់កណ្តាលអាធ្រាត្រថ្ងៃសុក្រនេះ ជាការឆ្លើយតបចំពោះអ្វីដែលរដ្ឋមន្រ្តីក្រសួងមហាផ្ទៃប៉ូឡូញចាត់ទុកថាជា “សមយុទ្ធយោធាឈ្លានពាន” ។
រដ្ឋមន្រ្តីក្រសួងមហាផ្ទៃប៉ូឡូញលោក Marcin Kierwinski និយាយថា សមយុទ្ធយោធារួមគ្នា Zapad របស់រុស្ស៊ី និងបេឡារុស កំពុងអនុវត្តសេណេរីយ៉ូសង្រ្គាមឈ្លានពានប្រឆាំងប៉ូឡូញ និងសហភាពអឺរ៉ុប ។
បោះទោះបីជាមុនពេលបិទព្រំដែននៅថ្ងៃសុក្រនេះក៏ដោយ មានតែច្រកឆ្លងកាត់ព្រំដែនចំនួន ២ប៉ុណ្ណោះ រវាងប្រទេសទាំង ២ បានបើកដំណើរការ ។
នៅដើមសប្តាហ៍នេះ ក្រសួងការបរទេសបេឡារុស បាននិយាយថា ពួកគេបានកោះហៅឯកអគ្គរដ្ឋទូតប៉ូឡូញ ដើម្បីពន្យល់ពីការបិទព្រំដែនដែលពួកគេនិយាយថា វាបណ្តាលឲ្យមានការលំបាកខ្លាំង ។ ពួកគេបានចាត់ទុកវិធានការបែបនេះថាជាការបំពានលើទីតាំងភូមិសាស្រ្តរបស់ខ្លួន ។
យោងតាមការអះអាងរបស់រដ្ឋមន្រ្តីក្រសួងការពារជាតិបេឡារុស បានឲ្យដឹងថា សមយុទ្ធយោធា Zapad-2025 នឹងរួមបញ្ចូលលទ្ធភាពនៃការប្រើប្រាស់អាវុធនុយក្លេអ៊ែរ និងមីស៊ីលល្បឿនលឿនជាងសំឡេងរយៈចម្ងាយមធ្យមផលិតនៅរុស្ស៊ី Oreshnik ។
ដោយឡែក អង្គការណាតូ កំពុងធ្វើសមយុទ្ធយោធាដូចគ្នាក្នុងពេលតែមួយ ។ ប៉ូឡូញ និងលីទុយអានី បានចាប់ផ្តើមសមយុទ្ធនៅដើមខែនេះ ដោយមានទាហានសម្ព័ន្ធមិត្តចូលរួមផងដែរ ៕