ប្រធានាធិបតីបារាំងលោក Emmanuel Macron និយាយថា ប្រទេសរបស់លោកនឹងដាក់ពង្រាយយន្តហោះចម្បាំង Rafale ចំនួន ៣គ្រឿង ដើម្បីជួយការពារដែនអាកាសប៉ូឡូញ ក្រោយការលុកលុយយានដ្រូនក្នុងសប្តាហ៍នេះ ចូលក្នុងដែនអាកាសរបស់ពួកគេ ។
លោកថា សន្តិសុខទ្វីបអឺរ៉ុប គឺជាអាទិភាពរបស់ពួកយើង ។ ពួកយើងមិនបោះបង់ចោលការបំភិតបំភ័យកើនឡើងរបស់រុស្ស៊ីនោះឡើយ ។
លោក Macron និយាយទៀតថា បន្ទាប់ពីការលុកលុយយានដ្រូនរុស្ស៊ីចូលក្នុងប្រទេសប៉ូឡូញ លោកបានសម្រេចចិត្តដាក់ពង្រាយយន្តហោះចម្បាំង Rafale ចំនួន ៣គ្រឿង ដើម្បីរួមចំណែកនៅក្នុងការការពារដែនអាកាសប៉ូឡូញ និងតំបន់ចុងបូព៌ាអង្គការណាតូ រួមគ្នាជាមួយសម្ព័ន្ធមិត្តរបស់ពួកយើង ។
លោកបញ្ជាក់ថា លោកបានធ្វើការប្តេជ្ញាចិត្តកាលពីថ្ងៃម្សិលមិញដល់នាយករដ្ឋមន្រ្តីប៉ូឡូញ ។ លោកបានពិភាក្សាបញ្ហានេះ ជាមួយអគ្គលេខាធិការអង្គការណាតូ និងជាមួយនាយករដ្ឋមន្រ្តីអង់គ្លេស ដែលទំនងជាចង់ចូលរួមការពារតំបន់ចុងបូព៌ាផងដែរ ។
គួរឲ្យដឹងថា នៅថ្ងៃព្រហស្បតិ៍ម្សិលមិញ នាយករដ្ឋមន្រ្តីប៉ូឡូញលោក Donald Tusk បានធ្វើការសង្កត់ធ្ងន់ពីសារៈសំខាន់នៃការប្តេជ្ញាចិត្តរបស់សម្ព័ន្ធមិត្ត និងការធ្វើទំនើបកម្មកងទ័ពអាកាសប៉ូឡូញ អំឡុងពេលរូបលោកបំពេញទស្សនកិច្ចទៅកាន់មូលដ្ឋានយោធា Lask ។
លោកនិយាយថា ពួកយើងនឹងធ្វើអ្វីៗគ្រប់បែបយ៉ាង ដើម្បីធានាថា ការប្តេជ្ញាចិត្តសម្ព័ន្ធមិត្តរបស់ពួកយើងដែលសំខាន់បំផុតតាមទស្សនៈរបស់ពួកយើងនៅថ្ងៃនេះ ត្រូវបានបំពេញដោយសម្ព័ន្ធមិត្តរបស់ពួកយើង ដើម្បីឲ្យពួកយើង ក្នុងនាមជាប្រទេស និងក្នុងនាមអ្នករាល់គ្នាជាអ្នកបើកបរយន្តហោះប៉ូឡូញ ពុំត្រូវបានគេទុកចោលឲ្យនៅម្នាក់ឯងនោះទេ មិនថានៅក្នុងពេលមានសន្តិភាព ឬសង្រ្គាមនោះឡើយ ៕