តំណាងរបស់ប៉ាគីស្ថាន ប្រចាំនៅអង្គការសហប្រជាជាតិ (UN) បានរិះគន់អ៊ីស្រាអែលធ្ងន់ៗ ក្នុងអំឡុងពេលសម័យប្រជុំក្រុមប្រឹក្សាសន្តិសុខ កាលពីថ្ងៃព្រហស្បតិ៍ (ទី១១ ខែកញ្ញា) ដោយចោទប្រកាន់ថា ប្រទេសនេះបានបំពានច្បាប់អន្តរជាតិ ខណៈពេលដែលក្លែងធ្វើជាជនរងគ្រោះ។
លោកឯកអគ្គរដ្ឋទូត Asim Iftikhar Ahmad បាននិយាយថា៖ «វាពិតជាមិនអាចទទួលយកបាន ពោលគឺពិតជាគួរឲ្យអស់សំណើច ដែលអ្នកឈ្លានពាន អ្នកកាន់កាប់ អ្នករំលោភបំពានលើធម្មនុញ្ញ UN និងច្បាប់អន្តរជាតិ នោះគឺអ៊ីស្រាអែល បំពានស្ថាប័ននេះ និងមិនគោរពភាពមិនអាចបំពានបានរបស់ក្រុមប្រឹក្សានេះ»។
លោកបានបន្ថែមថា៖ «ខ្លួនគឺជាអ្នកកាន់កាប់ ដែលមិនស្តាប់នរណាម្នាក់ មិនស្ដាប់នូវដំបូន្មានណាមួយឡើយ សូម្បីតែពីមិត្តភ័ក្តិរបស់ខ្លួន។ ទាំងអស់នោះត្រូវបានបដិសេធ ហើយមិនត្រឹមតែជាការបដិសេធប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានគំរាមកំហែងដល់សមាជិកសហគមន៍អន្តរជាតិ ប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិ អង្គការសិទ្ធិមនុស្ស និងមនុស្សធម៌អន្តរជាតិ ព្រមទាំងគំរាមកំហែងដល់ UN និងមន្ត្រីជាន់ខ្ពស់របស់ស្ថាប័នទៀតផង»។
ជាមួយគ្នានេះ តំណាងប៉ាគីស្ថានក៏បានចោទប្រកាន់អ៊ីស្រាអែលផងដែរនូវការប្រព្រឹត្តនូវទង្វើ «និទណ្ឌភាព ដោយត្រូវបានការពារដោយគាំទ្ររបស់ខ្លួន ដែលម្តងហើយម្តងទៀតធ្វើនូវសកម្មភាពខុសច្បាប់ និងមិនខ្វល់ចំពោះសហគមន៍អន្តរជាតិ»។ បន្ទាប់មក រូបលោកបានប្រៀបធៀបអ៊ីស្រាអែលទៅនឹង «ប្រទេសគ្រប់គ្រងគេទាំងអស់" ដែល «ទោះបីជាខ្លួនគឺអ្នកឈ្លានពានក៏ដោយ ក៏ក្លែងដើរតួជាជនរងគ្រោះ»។
លោក Ahmad បានធ្វើការអត្ថាធិប្បាយបែបនេះ ជាការឆ្លើយតបទៅកាន់ឯកអគ្គរដ្ឋទូតអ៊ីស្រាអែល ប្រចាំនៅ UN គឺលោក Danny Danon ដែលប្រៀបធៀបការវាយប្រហាររបស់អ៊ីស្រាអែលលើទីក្រុង Doha របស់ប្រទេសកាតា ទៅនឹងប្រតិបត្តិការពិសេសរបស់យោធាអាមេរិកឈ្មោះ US Navy SEALs ឆ្នាំ២០១១ នៅប៉ាគីស្ថាន ដែលនាំទៅដល់ការសម្លាប់មេដឹកនាំរបស់ក្រុមអាល់កៃដា គឺលោក Osama bin Laden៕