របាយការណ៍របស់រដ្ឋាភិបាលបាននិយាយនៅថ្ងៃចន្ទ ទី១៥ ខែកញ្ញានេះ ថា ប្រទេសអូស្ត្រាលីនឹងទទួលរងនូវព្រឹត្តិការណ៍អាកាសធាតុញឹកញាប់និងធ្ងន់ធ្ងរបន្ថែមទៀត ជារឿយៗកើតឡើងក្នុងពេលដំណាលគ្នា ដែលនឹងធ្វើឱ្យប៉ះពាល់ដល់ឧស្សាហកម្ម សេវាកម្ម និងហេដ្ឋារចនាសម្ព័ន្ធ។
ក្នុងចំណោមការសន្និដ្ឋាននៃការវាយតម្លៃដ៏ទូលំទូលាយនៃហានិភ័យចំពោះប្រទេសអូស្ត្រាលីបង្កឡើងដោយបម្រែបម្រួលអាកាសធាតុគឺ រលកកម្តៅកើតមានកាន់តែញឹកញាប់និងខ្លាំងក្លា ខណៈការកើនឡើងកម្រិតទឹកសមុទ្រនឹងធ្វើឱ្យមនុស្សរាប់លាននាក់ប្រឈមនឹងហានិភ័យ ហើយរុក្ខជាតិ និងសត្វ នឹងត្រូវសម្របខ្លួន ឬងាប់។
រដ្ឋមន្ត្រីក្រសួងអាកាសធាតុ និងថាមពល លោក Chris Bowen បាននិយាយថា ផ្នែកភាគខាងជើងរបស់ប្រទេស សហគមន៍ដាច់ស្រយាល និងជាយក្រុងនៃទីក្រុងធំៗ នឹងងាយរងគ្រោះជាពិសេស។
ប្រទេសអូស្ត្រាលី មានបំណងកាត់បន្ថយការបំភាយកាបូន៤៣% នៅឆ្នាំ២០៣០ និងឈានដល់គ្មានការបំភាយឧស្ម័ននៅត្រឹមឆ្នាំ២០៥០។ លោក Bowen បាននិយាយថា រដ្ឋាភិបាលនឹងប្រកាសក្នុងពេលឆាប់ៗនេះនូវគោលដៅកាត់បន្ថយការបំភាយឧស្ម័ន «ប្រកបដោយមហិច្ឆតាខ្ពស់ និងអាចសម្រេចបាន» សម្រាប់ឆ្នាំ២០៣៥។

