ភ្នំពេញ៖ សម្រាប់វិស័យកសិកម្មនៅកម្ពុជាក្នុងឆ្នាំ២០២១ ទោះមានវិបត្តិកូវីដ-១៩យ៉ាងណាក្ដី កម្ពុជានៅតែអាចរក្សាកំណើនទាំងការផលិត និងការនាំចេញ។ ជាក់ស្ដែង កម្ពុជាសម្រេចបានផលិតកម្មដំណាំជាង ៣៥លានតោន ដោយមានតម្លៃតាមការប៉ានស្មានសរុបជាង ១០ពាន់លានដុល្លារ។
ពាក់ព័ន្ធនឹងវិស័យកសិកម្មក្នុងឆ្នាំ ២០២១កន្លងទៅនេះ គឺកម្ពុជាសម្រេចបានលទ្ធផលយ៉ាងល្អប្រសើរ ទាំងការផលិត ការនាំចេញ និងតម្លៃសរុបទៅលើផលិតកម្មដំណាំដែលផលិតបាន។
នេះជាការបញ្ជាក់របស់ ឯកឧត្តម ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម ក្នុងឱកាសកិច្ចប្រជុំបូកសរុបលទ្ធផលការងារអនុវិស័យដំណាំកសិកម្មឆ្នាំ ២០២១ និងលើកទិសដៅឆ្នាំ ២០២២។
ឯកឧត្តម បានបញ្ជាក់ថា កម្ពុជាមានកំណើនផលិតកម្មដំណាំពីជាង ២៩លានតោន នៅឆ្នាំ២០២០ ដល់ជាង ៣៥លានតោន នៅឆ្នាំ២០២១ ពោលគឺបានកើនឡើងជាង២០% ក្នុងនោះ ផលិតកម្មដំណាំស្រូវបានកើនឡើង ១១,៦% ផលិតកម្មដំណាំសាកវប្បកម្មបានកើនឡើង១៦,៥% និងផលិតកម្មដំណាំឧស្សាហកម្មបានកើនឡើង៣៤,៥% រីឯការនាំចេញផលិតផលកសិកម្មក៏បានកើនឡើងយ៉ាងប្រសើរពី ៤,៨៧លានតោន ដល់ ៧,៩៨លានតោនគឺ ៦៤%។ ជាមួយគ្នានេះតាមការប៉ាន់ស្មានទំហំទឹកប្រាក់ដែលទទួលបានពីផលិតកម្មដំណាំឆ្នាំ២០២១ មានប្រមាណ ១០ពាន់លានដុល្លារអាមេរិកដែលមានការកើនឡើងចំនួន២៤,៨២%។
ពាក់ព័ន្ធនឹងកំណើនផលិតកម្មកសិកម្មដែលសម្រេចបានក្នុងឆ្នាំ ២០២១កន្លងទៅនេះ ឯកឧត្តម វេង សាខុន រដ្ឋមន្រីក្រសួងកសិកម្ម បានលើកឡើងដែរថា ក្នុងបរិបទកូវីដ-១៩នេះ ក្រសួងកសិកម្ម បានខិតខំបំពេញកាតព្វកិច្ចរបស់ខ្លួនយ៉ាងសកម្ម សំដៅប្រែក្លាយកសិកម្មកម្ពុជាឱ្យក្លាយជាកសិកម្មទំនើបមានលក្ខណៈប្រកួតប្រជែង បរិយាប័ន្ន ធន់នឹងការប្រែប្រួលអាកាសធាតុ និងនិរន្តរភាព សំដៅបង្កើនប្រាក់ចំណូលគ្រួសារកសិករតាមអភិក្រមនិងវិសាលភាពថ្មី ដោយត្រូវប្រែក្លាយវិស័យនេះពីដំណាក់កាលនៃការអភិវឌ្ឍតាមបែបយថាផលឈានទៅរកដំណាក់កាលថ្មី ដែលផ្តោតលើប្រពលវប្បកម្ម ព្រមទាំងលើកកម្ពស់ពិពិធភាវូប-នីយកម្មដំណាំដែលមានសក្តានុពលប្រកបដោយភាពវៃឆ្លាត មានផលចំណេញខ្ពស់ក្នុងបរិបទនៃតម្រូវការទីផ្សារទាំងក្នុង និងក្រៅប្រទេសប្រកបដោយគុណភាព និងសុវត្ថិភាព ក៏ដូចជាការទាក់ទាញវិនិយោគិនផងដែរ។
យ៉ាងណាម៉ិញកម្ពុជាក្នុងពេលបច្ចុប្បន្ននេះ ពុំទាន់មានទាន់អាចសម្រេច ទាន់អាចសម្រេចនូវគោលដៅនាំចេញអង្ករមួយលានតោនក្នុងមួយឆ្នាំនៅឡើយទេ ដោយសារតែមានដៃគូប្រជែងដ៏ខ្លាំងដូចជាប្រទេសវៀតណាមក្នុងមួយឆ្នាំនាំចេញប្រមាណប្រាំលានតោន ប្រទេសថៃប្រមាណប្រាំមួយលានតោន ឥណ្ឌាក៏ជាប្រទេសនាំចេញអង្ករដ៏ធំមួយផងដែរ៕ អត្ថបទ៖ គឹមហុក

