រដ្ឋបាលរបស់ប្រធានាធិបតី លោក Donald Trump កាលពីថ្ងៃចន្ទ (ទី១៥ ខែកញ្ញា) បានប្រកាសបច្ចុប្បន្នភាព ចំពោះគោលនយោបាយនាំចេញរបស់សហរដ្ឋអាមេរិក លើយានដ្រូន ក្នុងគោលបំណងបង្កើនល្បឿនការអនុម័ត ចំពេលមានការកើនឡើងនូវតួនាទីនៃប្រព័ន្ធពីលើអាកាសគ្មានមនុស្សបើក (UAS) មួយនេះ នៅក្នុងសង្គ្រាមសម័យទំនើប។
ដោយលើកឡើងពីការប្រើប្រាស់ទូទៅកាន់តែខ្លាំងឡើងនូវប្រព័ន្ធពីលើអាកាសគ្មានមនុស្សបើក (UAS) ឬយានដ្រូន នៅក្នុងសមរភូមិ ទាំងពីសម្ព័ន្ធមិត្ត និងសត្រូវ សេចក្តីជូនដំណឹងរបស់ក្រសួងការបរទេស បានឲ្យដឹងថា វាដល់ពេលហើយ ដែលការគ្រប់គ្រងការនាំចេញរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក លើបច្ចេកវិទ្យាមីស៊ីល ត្រូវតាមឲ្យទាន់ល្បឿន និងវិសាលភាពនៃការអភិវឌ្ឍបច្ចេកវិទ្យា។

នៅក្នុងការជូនដំណឹងមួយដែលត្រូវបានបង្ហោះកាលពីល្ងាចថ្ងៃចន្ទ ការិយាល័យកិច្ចការនយោបាយ-យោធារបស់ក្រសួងការបរទេស បានឲ្យដឹងថា ចំណាត់ការនេះកើតឡើង ដោយសារតម្រូវការតាមឲ្យទាន់ល្បឿនដែលមានទាំងលើវឌ្ឍនភាពបច្ចេកវិទ្យាយ៉ាងឆាប់រហ័ស និងការប្រើប្រាស់យ៉ាងទូលំទូលាយនៃយានដ្រូន ពីសំណាក់ទាំងសម្ព័ន្ធមិត្ត និងសត្រូវរបស់សហរដ្ឋអាមេរិក។
ក្រសួងការបរទេស ដែលពិនិត្យមើលការលក់អាវុធបរទេសទាំងអស់ ឥឡូវនេះ នឹងវាយតម្លៃសំណើនាំចេញយានដ្រូន ស្រដៀងគ្នាទៅនឹងរបៀបដែលខ្លួនវាយតម្លៃការលក់យន្តហោះចម្បាំង ជាចំណាត់ការដែលត្រូវបានរៀបចំឡើង ដើម្បីសម្រួលការត្រួតពិនិត្យ និងការបើកទីផ្សារថ្មី សម្រាប់ក្រុមហ៊ុនការពារជាតិអាមេរិក៕
