ការិយាល័យក្រសួងការបរទេសអង់គ្លេស កាលពីថ្ងៃចន្ទ (ទី១៥ ខែកញ្ញា) បានឲ្យដឹងថា ចក្រភពអង់គ្លេស បានកោះអញ្ជើញឯកអគ្គរដ្ឋទូតរុស្ស៊ី បន្ទាប់ពីមានការរំលោភបំពានលើដែនអាកាសរបស់ប្រទេសសមាជិកអង្គការណាតូ (NATO) ពីសំណាក់ទីក្រុងមូស្គូ កាលពីសប្តាហ៍មុន។
គួរបញ្ជាក់ថា ប្រទេសប៉ូឡូញបានបាញ់ទម្លាក់យានដ្រូនរបស់រុស្ស៊ី កាលពីថ្ងៃពុធសប្តាហ៍កន្លងទៅ ជាសកម្មភាពដែលត្រូវបានគេដឹងថា ជាលើកដំបូងដែលមានការបាញ់ទម្លាក់អាវុធប្រភេទនេះ ដោយសមាជិកនៃសម្ព័ន្ធមិត្តយោធាលោកខាងលិច ក្នុងអំឡុងពេលមានសង្គ្រាមរបស់រុស្ស៊ី នៅអ៊ុយក្រែន។ ប៉ុន្មានថ្ងៃក្រោយមក រ៉ូម៉ានីបានបញ្ចេញយន្តហោះចម្បាំងយ៉ាងប្រញាប់ប្រញាល់ នៅពេលដែលយានដ្រូនរបស់រុស្ស៊ី បានរំលោភលើដែនអាកាសរបស់ខ្លួន។

អ្នកនាំពាក្យក្រសួងការបរទេសបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការលុកលុយចូលទៅក្នុងដែនអាកាសរបស់អង្គការណាតូ គឺ «មិនអាចទទួលយកបានជាដាច់ខាត» ដោយបន្ថែមថា ចក្រភពអង់គ្លេសឈរជាសាមគ្គីភាពជាមួយសម្ព័ន្ធមិត្តណាតូរបស់ខ្លួន ក្នុងការថ្កោលទោស «សកម្មភាពមិនប្រុងប្រយ័ត្ន»។
អ្នកនាំពាក្យរូបនេះបានបន្ថែមថា៖ «រុស្ស៊ីគួរតែដឹងយ៉ាងច្បាស់ថា ការបន្តការឈ្លានពានរបស់ខ្លួន គឺគ្រាន់តែមកជួយពង្រឹងសាមគ្គីភាពឲ្យកាន់តែរឹងមាំ រវាងសម្ព័ន្ធមិត្តណាតូ និងការប្តេជ្ញាចិត្តរបស់យើង ក្នុងការឈររួបរួមជាមួយអ៊ុយក្រែន ហើយការរំលោភបំពានបន្ថែមទៀត នឹងត្រូវបានតបតយ៉ាងខ្លាំងក្លា»។
ស្ថានទូតរុស្ស៊ី ប្រចាំនៅទីក្រុងឡុងដ្រ៍ បានបញ្ជាក់នៅថ្ងៃអង្គារនេះថា លោកឯកអគ្គរដ្ឋទូត Andrei Kelin បានទទួល «ការតវ៉ាជាផ្លូវការ»៕

