វាមានរយៈពេលជាង ១ឆ្នាំមកហើយដែលស្វាមីរបស់អ្នកស្រី Anastasiia Tsvietkova បាត់ខ្លួន អំឡុងការប្រយុទ្ធគ្នាជាមួយទាហានរុស្ស៊ី នៅជិតទីក្រុងភាគខាងកើត Pokrovsk ហើយអ្នកស្រីពុំបានដឹងថាតើប្តីរបស់គាត់នៅរស់ ឬស្លាប់នោះទេ ។
រុស្ស៊ីពុំផ្តល់ព័ត៌មានពីអ្នកដែលត្រូវចាប់ខ្លួន ឬត្រូវសម្លាប់នោះទេ ហើយក៏គ្មានដំណឹងពីទាហានរួមអាជីពនោះដែរ ឬកាកបាទក្រហមអន្តរជាតិដែលជួនកាលអាចធ្វើដំណើរទៅកាន់ជំរំឈ្លើយសឹក ។
បើសិនជាលោក Yaroslav Kachemasov ពិតជាត្រូវបានសម្លាប់នៅលើសមរភូមិមុខពិតមែននោះ ការធ្វើមាតុភូមិនិវត្តន៍សាកសពទាហានរាប់ពាន់នាក់ អាចធ្វើឲ្យអ្នកស្រី Tsvietkova មានទុក្ខដ៏ក្រៀមក្រំ ។
ទន្តពេទ្យវ័យ ២៩ឆ្នាំរូបនេះ ដែលរស់នៅក្នុងទីក្រុងគីវ បានដាក់សំណាក DNAប្តីរបស់គាត់ ពេលដែលអ្នកស្រីព្យាយាមស្វែងរកដំណឹង ។

លោក Kachemasov វ័យ ៣៧ឆ្នាំ បានបាត់ខ្លួន អំឡុងបេសកកម្មប្រយុទ្ធលើកទី ២របស់លោកនៅជិតទីក្រុង Pokrovsk ដែលរុស្ស៊ីបានបើកការវាយប្រហារអស់រយៈពេលជាច្រើនខែមកហើយ ។ កន្លែងដែលលោកបាត់ខ្លួន បច្ចុប្បន្នស្ថិតនៅក្រោមការកាន់កាប់របស់រុស្ស៊ី ។
ចាប់តាំងពីរុស្ស៊ីបើកការវាយលុកពេញលេញរបស់ខ្លួនលើអ៊ុយក្រែនកាលពីឆ្នាំ ២០២២ ទាហានរាប់ម៉ឺននាក់ ត្រូវបានសម្លាប់ ឬរងរបួស នៅភាគីទាំង ២ ។ ទាហានអ៊ុយក្រែន និងជនស៊ីវិលយ៉ាងយោច ៧ម៉ឺននាក់ ត្រូវបានគេរាយការណ៍ថាបាត់ខ្លួន ។
សូមបញ្ជាក់ថា នៅក្នុងរយៈពេល ៤ខែចុងក្រោយនេះ សាកសពដែលភាគច្រើនពុំត្រូវបានកំណត់អត្តសញ្ញាណជាង ៧ពាន់នាក់ ត្រូវបាននាំមកកាន់ប្រទេសអ៊ុយក្រែន នៅក្នុងទូរថភ្លើង និងរថយន្តក្លាសេ ដោយរុំក្នុងថង់ប្លាស្ទិក ៕
