បាតុកម្មស្លាប់មនុស្សច្រើនបំផុតនៅនេប៉ាល់ ក្នុងរយៈពេលជាច្រើនទសវត្សរ៍កន្លងមកនេះ បានផ្ទុះឡើងអំឡុងពេលរដូវកាលទេសចរណ៍ឡើងដល់កម្រិតកំពូល ។ វាបានធ្វើឲ្យអាក់ខានដល់វិស័យធុរកិច្ចជាច្រើន ដែលត្រៀមខ្លួនស្វាគមន៍អ្នកដើរព្រៃភ្នំ ទៅកាន់ភ្នំល្បីល្បាញនៅលើពិភពលោករបស់ពួកគេ ។
នៅតំបន់ Thamelដែលជាមជ្ឈមណ្ឌលទេសចរណ៍ដ៏សំខាន់មួយនៅក្នុងរដ្ឋធានីកដ្ឋម៉ាន់ឌូ ហាង និងភោជនីយដ្ឋានប្រែក្លាយជាគ្មានភ្ញៀវ រយៈពេលប៉ុន្មានថ្ងៃក្រោយបញ្ចប់បាតុកម្មហិង្សាប្រឆាំងអំពើពុករលួយ ដែលបណ្តាលឲ្យមនុស្ស ៧២នាក់ ស្លាប់ និងមនុស្សជាង ២ពាន់នាក់ផ្សេងទៀត រងរបួស ហើយនិងនាំឲ្យមានការលាលែងពីតំណែងរបស់លោកនាយករដ្ឋមន្រ្តី K.P. Sharma Oli ។
ចំនួនភ្ញៀវទេសចរបានធ្លាក់ចុះ ៣០ភាគរយ ធៀបនឹងអំឡុងពេលតែមួយកាលពីឆ្នាំមុន ហើយការកក់សណ្ឋាគារ កក់សំបុត្រ ត្រូវបានលុបចោលផងដែរ ។
លោក Ram Chandra Giri ដែលជាម្ចាស់ហាងជប៉ុន ត្រៀមនឹងរៀបចំដំណើរកម្សាន្តតាមព្រៃភ្នំសម្រាប់ភ្ញៀវទេសចរ ។ លោកនិយាយថា តើអ្នកមានដឹងថាស្ថានភាពរបស់ពួកយើងនៅនេប៉ាល់យ៉ាងណាទេនាពេលឥឡូវនេះ? នេះប្រៀបបាននឹងការចាប់ផ្តើមរដូវកាលទេសចរណ៍របស់ពួកយើង វាមិនល្អទាល់តែសោះសម្រាប់វិស័យទេសចរណ៍ តើត្រឹមត្រូវទេ? ប៉ុន្តែពួកយើងនៅតែសង្ឃឹមអញ្ចឹងថា នេប៉ាល់នឹងល្អប្រសើរជាងកាលពីមុន ។
សូមបញ្ជាក់ថា វិស័យគ្មានផ្សែង រួមចំណែក ៨ភាគរយនៃផលិតផលក្នុងស្រុកសរុប(GDP)របស់នេប៉ាល់ ហើយវាពឹងផ្អែកលើការដើរកម្សាន្តតាមភ្នំល្បីៗនៅក្នុងប្រទេសមួយនេះ រួមទាំងជំរំនៅលើភ្នំ Everest ផងដែរ ដែលជាភ្នំខ្ពស់ជាងគេបំផុតនៅលើពិភពលោក ។
តាមធម្មតា ភ្ញៀវទេសចរបរទេស ចាប់ផ្តើមដំណើរកម្សាន្តរបស់ពួកគេចេញពីទីក្រុងកដ្ឋម៉ាន់ឌូ ប៉ុន្តែទិដ្ឋភាពដ៏អាក្រក់បំផុតកាលពីសប្តាហ៍មុននៃការដុតកម្ទេចចោលអគារសភា និងសណ្ឋាគារ Hilton នាំឲ្យប្រទេសជាច្រើនចេញសេចក្តីណែនាំដល់ពលរដ្ឋរបស់ខ្លួនឲ្យចៀសវាងការធ្វើដំណើរពុំចាំបាច់ទៅកាន់ប្រទេសនេប៉ាល់ ៕