ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរាយការណ៍ថា ប្រទេសចិន នៅថ្ងៃពុធ (១៧ កញ្ញា) នេះ បានសាទរកិច្ចព្រមព្រៀងក្របខណ្ឌ ដែលសម្រេចនៅទីក្រុងម៉ាឌ្រីដ ដើម្បីប្តូរកម្មវិធីវីដេអូខ្លី TikTok ទៅជាកម្មសិទ្ធិដែលគ្រប់គ្រងដោយសហរដ្ឋអាមេរិក ថាជាជំហាន "ឈ្នះ-ឈ្នះ" ហើយបាននិយាយថា ខ្លួននឹងត្រួតពិនិត្យការដកចេញផ្នែកបច្ចេកវិទ្យា និងអាជ្ញាប័ណ្ណកម្មសិទ្ធិបញ្ញារបស់កម្មវិធីបណ្ដាញសង្គមដ៏ពេញនិយមមួយនេះ។

វិនិយោគិនពីភាគីទាំងសងខាងនៃមហាសមុទ្រប៉ាស៊ីហ្វិក ឥឡូវនេះកំពុងរង់ចាំមើលជំនួបតាមទូរសព្ទដែលគ្រោងធ្វើនៅថ្ងៃសុក្រ (១៩ កញ្ញា) រវាងលោកប្រធានាធិបតីអាមេរិក Donald Trump និងប្រធានាធិបតីចិន លោក Xi Jinping ជាពេលវេលាដែលកិច្ចព្រមព្រៀងផ្លូវការគួរតែត្រូវបានបញ្ជាក់។
វឌ្ឍនភាពដ៏ល្អលើកម្មវិធីប្រព័ន្ធផ្សព្វផ្សាយសង្គម TikTok ដែលមានអ្នកប្រើប្រាស់អាមេរិកដល់ទៅ ១៧០លាននាក់នេះ ត្រូវបានគេមើលឃើញថាជាគន្លឹះក្នុងការសម្របសម្រួលកិច្ចពិភាក្សាបន្ថែមទៀតនៅក្នុងប៉ុន្មានខែខាងមុខ ខណៈប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេពីររបស់ពិភពលោក បង្ហាញផ្លូវឆ្ពោះទៅរកលទ្ធផលកាន់តែល្អប្រសើរ លើសពីកិច្ចព្រមព្រៀងបណ្ដោះអាសន្ននាពេលបច្ចុប្បន្នរបស់ពួកគេ។
បន្ទាប់ពីជួបជាមួយក្រុមអ្នកចរចាចិន នៅរដ្ឋធានីអេស្ប៉ាញ កាលពីដើមសប្តាហ៍នេះ ប្រធានរតនាគារអាមេរិក លោក Scott Bessent បាននិយាយថា កាលបរិច្ឆេទផុតកំណត់នៅថ្ងៃទី១៧ ខែកញ្ញា — ដែលអាចបិទកម្មវិធី TikTok នៅសហរដ្ឋអាមេរិក — ពេលនេះអាចត្រូវពន្យារពេល ៩០ថ្ងៃទៀត ដើម្បីអនុញ្ញាតឱ្យកិច្ចព្រមព្រៀងបញ្ចប់ជាស្ថាពរ ប៉ុន្តែលោកមិនបានផ្តល់ព័ត៌មានលម្អិតអ្វីច្រើនឡើយ៕

