រដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូង លោក Cho Hyun បាននិយាយនៅថ្ងៃពុធ (១៧ កញ្ញា) នេះថា ក្នុងអំឡុងដំណើរទស្សនកិច្ចរបស់លោកទៅកាន់ទីក្រុងប៉េកាំង រូបលោកនឹងពិភាក្សាពីការចូលរួមរបស់លោកប្រធានាធិបតីចិន Xi Jinping នៅក្នុងកិច្ចប្រជុំកំពូលនៃវេទិកាសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC) ដែលកូរ៉េខាងត្បូង ធ្វើជាម្ចាស់ផ្ទះនៅចុងខែតុលា ខាងមុខនេះ។

ថ្លែងមុនពេលចេញដំណើរសម្រាប់ទស្សនកិច្ច ២ថ្ងៃទៅកាន់ប្រទេសចិន លោក Cho បាននិយាយថា លោកក៏នឹងពិភាក្សាជាមួយមន្ត្រីចិនពីដំណើរទស្សនកិច្ចនាពេលថ្មីៗនេះទៅកាន់ទីក្រុងប៉េកាំង របស់មេដឹកនាំកូរ៉េខាងជើង លោក Kim Jong Un ក្នុងព្រឹត្តិការណ៍ទិវាជ័យជម្នះសង្គ្រាមលោកលើកទីពីរ។
លោក Cho បានប្រាប់អ្នកយកព័ត៌មានថា "ចិន ជាអ្នកជិតខាងដ៏សំខាន់របស់កូរ៉េខាងត្បូង ហើយប្រទេសទាំងពីរគឺជាដៃគូយុទ្ធសាស្ត្រ" ដោយបន្ថែមថា លោកនឹងពិភាក្សាពីការអភិវឌ្ឍកិច្ចសហប្រតិបត្តិការបន្ថែមទៀតជាមួយរដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi ក៏ដូចជារឿងវត្តមានរបស់លោក Xi នៅជំនួប APEC ផងដែរ។
កូរ៉េខាងត្បូង បានអញ្ជើញទាំងលោក Xi និងប្រធានាធិបតីអាមេរិក លោក Donald Trump ទៅចូលរួមកិច្ចប្រជុំកំពូល APEC ដែលនឹងចាប់ផ្តើមនៅថ្ងៃទី៣១ ខែតុលា នៅទីក្រុង Gyeongju ជាទីដែលមានការរំពឹងទុកខ្ពស់នៃលទ្ធភាពជំនួបរវាងលោក Trump- Xi។ ជាមួយគ្នានេះ លោកប្រធានាធិបតីកូរ៉េខាងត្បូង Lee Jae Myung ក៏ធ្លាប់ស្នើឱ្យលោក Trump ព្យាយាមជួបជាមួយមេដឹកនាំកូរ៉េខាងជើង Kim ក្នុងអំឡុងពេលធ្វើដំណើរទៅកាន់តំបន់នេះ៕

