កាសែត Asahi បានរាយការណ៍នៅថ្ងៃពុធ (១៧ កញ្ញា) នេះដោយសម្អាងដល់ប្រភពរដ្ឋាភិបាលដែលមិនបញ្ចេញឈ្មោះថា ប្រទេសជប៉ុន នឹងមិនទទួលស្គាល់រដ្ឋប៉ាឡេស្ទីននោះទេសម្រាប់ពេលនេះ ប្រហែលជាដើម្បីរក្សាទំនាក់ទំនងល្អជាមួយសហរដ្ឋអាមេរិក និងដើម្បីជៀសវាងការធ្វើឱ្យអ៊ីស្រាអែលកាន់តែប្រកាន់ជំហរតឹងខ្លាំងឡើងលើយុទ្ធនាការយោធាក្នុងតំបន់ហ្កាហ្សា។

រដ្ឋាភិបាលជាច្រើន រួមទាំងចក្រភពអង់គ្លេស បារាំង កាណាដា អូស្ត្រាលី និងប្រទេសលោកខាងលិចមួយចំនួនទៀត សុទ្ធតែបាននិយាយថា ពួកគេនឹងទទួលស្គាល់រដ្ឋប៉ាឡេស្ទីននៅឯមហាសន្និបាតអង្គការសហប្រជាជាតិ (UNGA) ក្នុងខែកញ្ញានេះ ដោយបន្ថែមសម្ពាធអន្តរជាតិកាន់តែធ្ងន់លើអ៊ីស្រាអែល ជុំវិញសកម្មភាពរបស់ខ្លួនក្នុងទឹកដីហ៊ុមព័ទ្ធហ្កាហ្សា។

ទីភ្នាក់ងារសារព័ត៌មាន Kyodo បានរាយការណ៍កាលពីសប្តាហ៍មុនថា សហរដ្ឋអាមេរិក បានជំរុញឱ្យជប៉ុន បោះបង់ការទទួលស្គាល់រដ្ឋប៉ាឡេស្ទីនតាមរយៈបណ្តាញការទូតមួយចំនួន ខណៈរដ្ឋមន្ត្រីការបរទេសបារាំង លោក Jean-Noel Barrot បានជំរុញយ៉ាងខ្លាំងឱ្យសមភាគីជប៉ុន ទទួលស្គាល់រដ្ឋនេះ។
រដ្ឋមន្ត្រីការបរទេសជប៉ុន លោក Takeshi Iwaya បានប្រាប់សន្និសីទសារព័ត៌មានមួយកាលពីថ្ងៃអង្គារថា ជប៉ុនបាននឹងកំពុងធ្វើ "ការវាយតម្លៃយ៉ាងទូលំទូលាយ រួមទាំងការរជ្រើសរើសពេលវេលា និងមធ្យោបាយសមស្របលើបញ្ហានៃការទទួលស្គាល់ភាពជារដ្ឋរបស់ប៉ាឡេស្ទីន"៕