អ៊ីស្រាអែលកាលពីថ្ងៃអង្គារ បានជំរុញឱ្យប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen ដកចេញសំណើដែលនឹងទប់ស្កាត់ទំនាក់ទំនងពាណិជ្ជកម្មក្នុងគោលបំណងដាក់សម្ពាធលើប្រទេសអ៊ីស្រាអែលឱ្យបញ្ចប់សង្រ្គាមនៅតំបន់ហ្កាហ្សា។
រដ្ឋមន្ត្រីការបរទេស លោក Gideon Saar បានសរសេរនៅក្នុងលិខិតមួយច្បាប់ផ្ញើទៅលោកស្រី Von der Leyen ថា «សម្ពាធតាមរយៈការដាក់ទណ្ឌកម្ម នឹងមិនដំណើរការទេ»។ គំនិតផ្តួចផ្តើម ដែលត្រូវបានប្រកាសក្នុងអំឡុងពេលសុន្ទរកថារបស់លោកស្រីកាលពីសប្តាហ៍មុន នឹងត្រូវបានពិភាក្សានៅថ្ងៃពុធនេះដោយគណៈកម្មការស្នងការរបស់គណៈកម្មការអឺរ៉ុបដែលលោកស្រីធ្វើជាប្រធាន។ ប្រសិនបើព្រមព្រៀង វានឹងបង្កកការគាំទ្រទ្វេភាគីរបស់សហភាពអឺរ៉ុបចំពោះអ៊ីស្រាអែល ដោយបញ្ឈប់ការបង់ប្រាក់ទាំងអស់ ខណៈរក្សាកិច្ចសហប្រតិបត្តិការជាមួយក្រុមសង្គមស៊ីវិល។
យោងតាមគណៈកម្មាការ បានឲ្យដឹងថា ចំណាត់ការនេះនឹងរារាំងការបែងចែកនាពេលអនាគតនូវទឹកប្រាក់ប្រហែល៦លានអឺរ៉ូ (៧លានដុល្លារអាមេរិក) ជារៀងរាល់ឆ្នាំ និងផ្អាកការចំណាយប្រាក់ប្រហែល១៤លានអឺរ៉ូសម្រាប់គម្រោងស្ថាប័នដែលកំពុងដំណើរការ។ នាយកប្រតិបត្តិសហភាពអឺរ៉ុប ក៏មានផែនការស្នើដាក់ទណ្ឌកម្មប្រឆាំងនឹង «រដ្ឋមន្ត្រីជ្រុលនិយម» និង »អ្នកតាំងលំនៅដោយហិង្សា»។
លោក Saar បានសរសេរថា «សំណើដែលពុំធ្លាប់មានពីមុនមក ដែលពុំធ្លាប់បានអនុវត្តចំពោះប្រទេសណាមួយផ្សេងទៀត គឺជាការប៉ុនប៉ងច្បាស់លាស់ដើម្បីធ្វើឲ្យប៉ះពាល់ដល់អ៊ីស្រាអែល ខណៈយើងកំពុងប្រយុទ្ធក្នុងសង្រ្គាមដែលធ្វើមកលើយើងដោយការវាយប្រហារភេរវកម្មកាលពីថ្ងៃទី៧ ខែតុលា»។ ក្រុមអ្នកការទូតបាននិយាយថា វិធានការនេះទំនងជាមិនត្រូវបានអនុម័តទេ ដោយមានការខ្វែងគំនិតគ្នាច្រើនក្នុងចំណោមរដ្ឋសមាជិកទាំង២៧ប្រទេសរបស់សហភាពអឺរ៉ុប ជុំវិញការប្រព្រឹត្តរបស់អ៊ីស្រាអែលនៅតំបន់ហ្កាហ្សា។