អតិផរណារបស់ចក្រភពអង់គ្លេស បន្តឈរនៅទ្រឹងក្នុងអត្រា ៣,៨% ក្នុងខែសីហាកន្លងទៅ ដែលនៅតែជាអត្រាខ្ពស់បំផុតក្នុងចំណោមសេដ្ឋកិច្ចជឿនលឿនធំៗ នេះបើយោងតាមទិន្នន័យផ្លូវការពីការិយាល័យស្ថិតិជាតិនៅថ្ងៃពុធ (១៧ កញ្ញា) នេះ ដែលគូសបញ្ជាក់ពីមូលហេតុកាន់តែច្បាស់សម្រាប់ឱ្យវិនិយោគិនជឿជាក់ថា ធនាគារកណ្ដាលអង់គ្លេសទំនងជាមិនកាត់បន្ថយអត្រាការប្រាក់ម្តងទៀតទេនៅឆ្នាំនេះ។

ការិយាល័យស្ថិតិជាតិនិយាយថា អតិផរណារួម ៣,៨% ក្នុងខែសីហានេះ គឺជាតួលេខដូចគ្នាទៅនឹងខែកក្កដា ដែលធ្លាប់ជាកម្រិតខ្ពស់បំផុតរយៈពេល ១៨ខែរួចទៅហើយ ចំណែកអតិផរណាផ្នែកសេវាកម្មអតិថិជន - ដែលត្រូវបានឃ្លាំមើលយ៉ាងដិតដល់ថាជារង្វាស់នៃសម្ពាធតម្លៃក្នុងស្រុកដោយធនាគារកណ្ដាល- បានធ្លាក់ចុះមកត្រឹម ៤,៧% នៅក្នុងខែសីហា ពីអត្រា ៥,០% ពីមុន។
ទិន្នន័យបង្ហាញទៀតថា អតិផរណាស្នូល ដែលមិនរាប់បញ្ចូលតម្លៃថាមពល អាហារ និងថ្នាំជក់ បានធ្លាក់ចុះមកត្រឹម ៣,៦% ពីអត្រា ៣,៨% ពីមុន។ តួលេខនេះមិនមែនជារឿងភ្ញាក់ផ្អើលនោះទេ ដោយសេដ្ឋវិទូភាគច្រើនដែលត្រូវស្ទង់មតិដោយសារព័ត៌មានរ៉យទ័រ និងធនាគារកណ្ដាលអង់គ្លេស ធ្លាប់ព្យាកររួចទៅហើយថា រង្វាស់នៃអតិផរណានឹងរក្សានៅតួលេខ ៣,៨%។
អតិផរណាអង់គ្លេសនេះ គឺខ្ពស់ខ្លាំងជាងនៅសហរដ្ឋអាមេរិក ដែលស្ថិតក្នុងអត្រា ២,៩% នៃខែសីហា និងនៅក្នុងតំបន់ចាយប្រាក់អឺរ៉ូ ដែលស្ថិតក្នុងកំណើន ២,១% ដោយខ្ពស់ជាងគោលដៅ ២% របស់ធនាគារកណ្តាលអឺរ៉ុប៕

