ចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិក បានយល់ព្រមលើកិច្ចព្រមព្រៀងបច្ចេកវិទ្យាដ៏ធំមួយដើម្បីបង្កើនទំនាក់ទំនងក្នុងវិស័យបញ្ញាសិប្បនិម្មិត AI កុំព្យូទ័រកង់ទិច និងថាមពលនុយក្លេអ៊ែរស៊ីវិល ជាមួយនឹងក្រុមហ៊ុនធំៗរបស់សហរដ្ឋអាមេរិក ដែលដឹកនាំដោយ Microsoft ក្នុងការសន្យាផ្តល់ប្រាក់ ៣១ពាន់លានផោន (៤២ ពាន់លានដុល្លារអាមេរិក) ក្នុងការវិនិយោគរបស់ចក្រភពអង់គ្លេស។
"កិច្ចព្រមព្រៀងវិបុលភាពបច្ចេកវិទ្យា" នេះគឺជាផ្នែកមួយនៃដំណើរទស្សនកិច្ចផ្លូវរដ្ឋជាលើកទីពីរមិនធ្លាប់មានពីមុនមក របស់ប្រធានាធិបតីអាមេរិក Donald Trump ទៅកាន់ចក្រភពអង់គ្លេស ដែលនឹងរួមបញ្ចូលពិធីដ៏អធិកអធមនៅវិមាន Windsor នៅថ្ងៃពុធ (១៧ កញ្ញា) នេះ ហើយលោក Trump ក៏ត្រូវអនុញ្ញាតឱ្យចូលគាល់ព្រះមហាក្សត្រ Charles និងរាជវង្សផ្សេងទៀតផងដែរ។
ចក្រភពអង់គ្លេសនិយាយថា កិច្ចព្រមព្រៀងនេះរួមមានកិច្ចប្រឹងប្រែងរួមគ្នាក្នុងការអភិវឌ្ឍគំរូ AI សម្រាប់ការថែទាំសុខភាព ពង្រីកសមត្ថភាពកុំព្យូទ័រកង់ទិច និងសម្រួលគម្រោងនុយក្លេអ៊ែរស៊ីវិល ដែលនឹងគាំទ្រដល់កំណើនសេដ្ឋកិច្ច ការស្រាវជ្រាវវិទ្យាសាស្ត្រ និងសន្តិសុខថាមពលនៅក្នុងប្រទេសទាំងពីរ។
នាយករដ្ឋមន្រ្តីអង់គ្លេស លោក Keir Starmer និយាយថា កិច្ចព្រមព្រៀងនេះមានសក្តានុពលក្នុងការរៀបចំអនាគតរបស់មនុស្សរាប់លាននាក់នៅសងខាងនៃមហាសមុទ្រអាត្លង់ទិក ហើយផ្តល់ទាំងកំណើន និងសន្តិសុខ។ អាមេរិកជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតតែមួយគត់របស់អង់គ្លេស ហើយក្រុមហ៊ុនបច្ចេកវិទ្យាធំៗរបស់ខ្លួនបានវិនិយោគប្រាក់រាប់ពាន់លានដុល្លាររួចទៅហើយក្នុងប្រតិបត្តិការអង់គ្លេស៕