សមាជិកសភារបស់ទីម័រខាងកើត នៅថ្ងៃពុធ (ទី១៧ ខែកញ្ញា) នេះ បានឲ្យដឹងថា ខ្លួនបានយល់ព្រមលុបចោលផែនការផ្តល់ប្រាក់សោធននិវត្តន៍ពេញមួយជីវិត សម្រាប់ពួកគេផ្ទាល់ ដោយសុខចិត្តធ្វើតាមការដាក់សម្ពាធពីនិស្សិតរាប់ពាន់នាក់ដែលបានធ្វើបាតុកម្មប្រឆាំងនឹងផែនការនេះ ចាប់តាំងពីថ្ងៃចន្ទមក។
ទីម័រខាងកើត ដែលត្រូវបានគេស្គាល់ជាទូទៅថា ទីម័រលេស្ត (Timor-Leste) មានប្រជាជនចំនួន ១,៣លាននាក់រស់នៅលើកោះមួយដែលមានទំហំធំជាងប្រទេសកាតាបន្តិច។ នេះគឺជាប្រទេសក្រីក្របំផុតមួយនៅតំបន់អាស៊ីអាគ្នេយ៍ ហើយពឹងផ្អែកលើធានធានប្រេង និងឧស្ម័នដែលកំពុងថយចុះ។

ព្រឹកថ្ងៃពុធនេះ និស្សិតជាង ១.០០០នាក់ បានបន្តតវ៉ាដែលជាថ្ងៃទី៣ នៅមុខអគាររដ្ឋសភារបស់ទីម័រខាងកើត ក្នុងរដ្ឋធានី Dili ដោយទាមទារឲ្យរដ្ឋាភិបាលលុបចោលផែនការផ្តល់ប្រាក់សោធននិវត្តន៍ពេញមួយជីវិតសម្រាប់សមាជិកសភា។
បណ្ដាគណបក្សនៅក្នុងសភាទីម័រខាងកើត បានឲ្យដឹងថា ពួកគេនឹងលុបចោលផែនការនេះ ជាការយោគយល់ដែលពួកគេបានឈានដល់ជាមួយនិស្សិត។ សមាជិកសភាទាំងនោះ នៅមុននេះ បានលុបចោលផែនការទិញរថយន្តចំនួន ៦៥គ្រឿង សម្រាប់ពួកគេផ្ទាល់ ដែលបង្កឲ្យមានកំហឹងផងដែរ។
គណបក្សទាំងនោះ បានបញ្ជាក់ថា និស្សិតបានឈប់ធ្វើបាតុកម្មហើយ។ ក្រុមអ្នកតវ៉ា នៅសប្តាហ៍នេះ បានបំផ្លាញអគាររដ្ឋាភិបាល ដុតកង់រថយន្ត និងគប់ដុំថ្មទៅលើនគរបាល ដែលនាំឲ្យអាជ្ញាធរបាញ់ឧស្ម័នបង្ហូរទឹកភ្នែកទៅលើពួកគេវិញ៕
