ភ្នំពេញ៖ ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានលើកឡើងពីការប្ដេជ្ញាចិត្តជាថ្មីដ៏មុតមាំ របស់ម្ពុជា ក្នុងការជំរុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្កា ទៅពេលអនាគត។
ក្នុងទិវាជាតិអូស្ត្រាលី រំលឹកខួបលើកទី៧០ នៃការបង្កើតទំនាក់ទំនងការទូតជាផ្លូវការរវាងកម្ពុជា និងអូស្ត្រាលី កាលពីយប់ថ្ងៃទី២៦ ខែមករានេះ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តដ៏មុតមាំរបស់កម្ពុជា ក្នុងការធ្វើការយ៉ាងជិតស្និទ្ធជាមួយប្រទេសអូស្ត្រាលី ក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី ដើម្បីជំរុញទំនាក់ទំនងស្និទ្ធស្នាល និងកិច្ចសហប្រតិបត្តិការប្រកប ដោយផ្លែផ្ការវាងប្រទេសទាំងពីរ ដែលនាំមកនូវផលប្រយោជន៍ទៅវិញទៅមកសម្រាប់ប្រជាជាតិទាំងពីរនិងតំបន់។
ឯកឧត្ដម បានបញ្ជាក់ថា ក្នុងនាមកម្ពុជាជាប្រធានអាស៊ានឆ្នាំ២០២២ កម្ពុជា បានត្រៀមខ្លួនរួចជាស្រេច ដើម្បីធ្វើការយ៉ាងជិតស្និទ្ធជាមួយរដ្ឋសមាជិកអាស៊ាន និងអូស្ត្រាលី ក្នុងការពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងអាស៊ាន និងអូស្ត្រាលី ដើម្បីជំរុញទំនាក់ទំនងកាន់តែទូលំទូលាយ និងផ្តល់ផលប្រយោជន៍ទៅវិញទៅមក ក៏ដូចជាថែរក្សាសន្តិភាព សន្តិសុខ វិបុលភាព និងការអភិវឌ្ឍប្រកបដោយចីរភាពក្នុងតំបន់។
ឯកឧត្តម បានរំលឹកអំពីទំនាក់ទំនងការទូតជាប្រវត្តិសាស្រ្ត ភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ រវាងប្រទេសទាំងពីរ ដែលបានកសាងឡើងតាំងពីឆ្នាំ១៩៥២ និងបានរំលឹកអំពីការតស៊ូមតិដ៏មោះមុតរបស់អូស្ត្រាលី សម្រាប់ដំណើរការស្វែងរកសុខសន្តិភាពនៅកម្ពុជា នៅចុងទសវត្សរ៍៨០ និងដើមទសវត្សរ៍៩០ រួមទាំងការដើរតួនាទីនាំមុខក្នុងអំឡុងពេលបេសកកម្មរបស់អង្គការសហប្រជាជាតិនៅកម្ពុជា (UNTAC)។
ចាប់តាំងពីពេលនោះមក អូស្ត្រាលី បានបន្តផ្តល់ជំនួយសប្បុរសធម៌ដល់កម្ពុជា ដើម្បីគាំទ្រដល់ការអភិវឌ្ឍលើវិស័យផ្សេងៗដូចជា ការអប់រំ សុខាភិបាល អភិបាលកិច្ច ហេដ្ឋារចនាសម្ព័ន្ធ និងកសិកម្ម ដែលជាការរួមចំណែកដល់ការគាំទ្រសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍប្រកបដោយចីរភាពរបស់កម្ពុជា។
ឯកឧត្ដម ក៏បានសម្រាប់ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩នៅកម្ពុជា ប្រទេសអូស្ត្រាលី បានផ្តល់ជំនួយប្រមាណ ៦០លានដុល្លារក្នុងមួយឆ្នាំ ដើម្បីពង្រឹងសន្តិសុខ សុខភាព ការការពារសង្គម ហេដ្ឋារចនាសម្ព័ន្ធ និងការស្តារសេដ្ឋកិច្ចឡើងវិញ។
អូស្ត្រាលី បានជួយបង្កើតផែនការឆ្លើយតបនឹងកូវីដ-១៩នៅកម្ពុជា ឆ្នាំ២០២០-២០២២ ក្នុងគោលបំណងកាត់បន្ថយផលប៉ះពាល់សង្គម និងសេដ្ឋកិច្ច ព្រមទាំងបានផ្តល់វ៉ាក់សាំង Pfizer-BioNTech ចំនួន២.៣៥លានដូស។
សម្រាប់វិស័យសកម្មភាពមីន អូស្ត្រាលី គឺជាដៃគូអភិវឌ្ឍន៍ដ៏លេចធ្លោមួយ ដែលបានបរិច្ចាគថវិកាប្រមាណជាង ១០០លានដុល្លារអូស្ត្រាលី ចាប់តាំងពីឆ្នាំ១៩៩៤ ដែលទឹកចិត្តសប្បុរសរបស់រដ្ឋាភិបាល និងប្រជាជនអូស្ត្រាលី រួមជាមួយនឹងម្ចាស់ជំនួយផ្សេងទៀត បានចូលរួមជួយសង្រ្គោះអាយុជីវិតប្រជាជនកម្ពុជាជាច្រើន កាត់បន្ថយចំនួនពិការភាព និងកាត់បន្ថយផ្ទៃដីមានការគំរាមកំហែងដោយសារមីន៕ អត្ថបទ៖ បាន សុខរិទ្ធ






