មន្ត្រីម្នាក់បាននិយាយកាលពីថ្ងៃ ១៧ កញ្ញាថា ហ្វីលីពីន នឹងបន្តគាំទ្រអ្នកនេសាទរបស់ប្រទេសនេះនៅជិតដែនទឹកមានជម្លោះ Scarborough Shoal ទោះចិនបានបង្កើនកិច្ចខិតខំប្រឹងប្រែងដើម្បីអះអាងសិទ្ធិគ្រប់គ្រងបន្ទាប់ពីកំណត់តំបន់ជម្លោះដែនទឹកនេះជាតំបន់បម្រុងធម្មជាតិជាតិក៏ដោយ។

អ្នកនាំពាក្យឆ្មាំល្បាតឆ្នេរហ្វីលីពីន លោក Jay Tarriela បាននិយាយដោយប្រើប្រាស់ឈ្មោះហ្វីលីពីនសម្រាប់តំបន់ថ្មប៉ប្រះទឹក នេះ ក្នុងសន្និសីទសារព័ត៌មានក្នុងទីក្រុងម៉ានីលថា យើងនឹងមិនបញ្ឈប់ការល្បាតតំបន់ដែនទឹក Bajo de Masinloc នេះទេ ។ ប្រតិបត្តិការរបស់យើងនឹងបន្តដើម្បីធានាសុវត្ថិភាព និងជីវភាពរស់នៅរបស់អ្នកនេសាទហ្វីលីពីន។
លោកបានបន្ថែមថា ប្រទេសចិនមិនមានជំហរក្នុងការប្រើប្រាស់ការការពារបរិស្ថាននៅក្នុងការអះអាងសិទ្ធិរបស់ខ្លួនជុំវិញដែនទឹកថ្មប៉ប្រះទឹកនោះទេ ដោយលើកឡើងពីសកម្មភាពសាងសង់កោះសិប្បនិម្មិតរបស់ទីក្រុងប៉េកាំងនៅសមុទ្រចិនខាងត្បូងក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមកនេះ។

ការអត្ថាធិប្បាយរបស់លោកបានកើតឡើងមួយថ្ងៃបន្ទាប់ពីឆ្មាំល្បាតឆ្នេរចិនបានប្រើកាណុងបាញ់ទឹកលើនាវាហ្វីលីពីននៅជិតតំបន់មានជម្លោះនេះ ក្នុងសមុទ្រចិនខាងត្បូង ដោយបានធ្វើឲ្យនាវានេសាទហ្វីលីពីនរងការខូចខាត និងបណ្ដាលឱ្យសមាជិកនាវិកម្នាក់រងរបួស។
ឆ្មាំល្បាតឆ្នេរចិន បានចោទប្រកាន់នាវាហ្វីលីពីនមួយគ្រឿង ថាមានចេតនាបើកបំបុកនាវារបស់ខ្លួន កាលពីថ្ងៃអង្គារ សប្ដាហ៍នេះ នៅជិតដែនទឹកជម្លោះ Scarborough Shoal ក្នុងសមុទ្រចិនខាងត្បូង។ ប៉ុន្តែហ្វីលីពីន បានបដិសេធរឿងនេះ ដោយនិយាយថា កម្លាំងរបស់ចិនបានប្រើកាណុងបាញ់ទឹកមកលើខ្លួន៕