នៅទីក្រុងប៉េកាំង រដ្ឋមន្ត្រីក្រសួងការពារជាតិចិន លោក Dong Jun បានបើកវេទិកាសន្តិសុខ Xiangshan លើកទី១២ ជាផ្លូវការនៅថ្ងៃព្រហស្បតិ៍ (១៨ កញ្ញា) នេះ ដោយថ្លែងគូសបញ្ជាក់ពីជំហរមិនងាករេរបស់ចិន ដែលថាកោះតៃវ៉ាន់ជាតំបន់មួយរបស់ខ្លួន និងរិះគន់ខ្លាំងៗចំពោះ "ការសម្លុត" របស់លោកខាងលិច ដែលហាក់តម្រង់ទៅកាន់សហរដ្ឋអាមេរិក។
គណៈប្រតិភូជាង ១០០ មកពីបណ្តាប្រទេសអាស៊ី និងផ្នែកផ្សេងទៀតនៃពិភពលោក បានប្រមូលផ្តុំគ្នានៅក្នុងវេទិកាសន្តិសុខនេះ។ ថ្លែងក្នុងវេទិកានេះ លោក Dong លើកឡើងថា ចិនប្រកាន់ជំហរយ៉ាងម៉ឺងម៉ាត់ចំពោះបូរណភាពទឹកដីលើកោះតៃវ៉ាន់ ហើយនឹងមិនអនុញ្ញាតឱ្យមានជំហានណាមួយដែលអាចបំផ្លាញការឯកភាពរបស់ប្រទេសនេះឡើយ ខណៈបញ្ជាក់ពីទំនុកចិត្តលើស្ថិរភាពពិភពលោក និងនៅក្នុងការទទួលខុសត្រូវរបស់ចិន។
ប្រទេសចិន ចាត់ទុកកោះតៃវ៉ាន់ថាជាទឹកដីរបស់ខ្លួន ហើយបានបង្កើនសម្ពាធផ្នែកយោធា និងនយោបាយក្នុងរយៈពេល ៥ឆ្នាំចុងក្រោយនេះ។ ប្រទេសចិន មានការមិនពេញចិត្តជាពិសេសចំពោះមេដឹកនាំកោះគឺលោក Lai Ching-te ដោយហៅលោកថាជា "ជនផ្ដាច់ខ្លួន"។
អ្នកនាំពាក្យការិយាល័យកិច្ចការកោះតៃវ៉ាន់ លោកស្រី Zhu Fenglian បាននិយាយម្ដងហើយម្ដងទៀតថា "ការបង្កហេតុឯករាជ្យ" ណាមួយពីលោក Lai និងរដ្ឋបាលរបស់លោក នឹងប្រឈមមុខនឹង "វិធានការតបតយ៉ាងម៉ឺងម៉ាត់" ពីទីក្រុងប៉េកាំង៕