
ភ្នំពេញ៖ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម កាលពីកថ្ងៃទី២៦ មករា ឆ្នាំ២០២២កន្លងទៅនេះ នៅសហភាពអារ៉ាប់រួម បានទទួលជួបពិភាក្សាការងារទ្វេភាគី ជាមួយឯកឧត្ដមអនុរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្មរុស្ស៊ី ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគរវាងប្រទេសទាំងពីរកាន់តែរឹងមាំ។
ក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី២៧ ខែមករានេះបានឲ្យដឹងថា នៅក្នុងជំនួបនោះ ឯកឧត្តមរដ្ឋមន្ត្រី បានជម្រាបជូនភ្ញៀវអំពីកំណើនសេដ្ឋកិច្ចរបស់កម្ពុជាក្នុងរយៈពេល ២ទសវត្សចុងក្រោយនេះ និងគោលនយោបាយរបស់ រដ្ឋាភិបាលកម្ពុជា ក្នុងការជំរុញសកម្មភាពពាណិជ្ជកម្ម ការទាក់ទាញការវិនិយោគ និងការចរចាបើកច្រកទីផ្សារថ្មីៗក្រោមកិច្ចព្រមព្រៀងពាណិជ្ជកម្មតំបន់ ក៏ដូចជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីដែល កម្ពុជាសម្រេច បាននាពេលថ្មីៗនេះ រួមមាន៖ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ ជាដើម ក៏ដូចជាការសម្រេចបានក្នុងការចាក់វ៉ាក់សាំងជូនប្រជាជនទូទាំងប្រទេសបានប្រមាណ ៩០ភាគរយ។
ឯកឧត្តម បានសំណូមពរឱ្យធុរជន និងអ្នកទេសចរណ៍របស់សហព័ន្ធរុស្ស៊ី មកធ្វើទស្សនៈកិច្ច និងបណ្ដាក់ទុន វិនិយោគនៅកម្ពុជាលើវិស័យអាទិភាពមួយចំនួន ដូចជា វិស័យផលិតយានយន្តកសិកម្ម វិស័យផលិត និងកែច្នៃ ម្ហូបអាហារ វិស័យដឹកជញ្ជូននិងភស្តុភារ វិស័យវិទ្យាសាស្ត្របច្ចេកវិទ្យា និងវិស័យផលិតវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជាដើម និងបានស្នើឱ្យភាគីរុស្ស៊ី ជួយជំរុញការចរចាបញ្ចប់ឱ្យបានឆាប់នូវកិច្ចព្រមព្រៀងពាណិជ្ជកម្មកម្ពុជា ជាមួយសហភាពសេដ្ឋកិច្ចអឺរ៉ុបអាស៊ី (EAEU) នាពេលខាងមុខផងដែរ។
ជាការឆ្លើយតប ភាគីរុស្ស៊ីបានទទួលយកសំណើររបស់ឯកឧត្តមរដ្ឋមន្ត្រីដោយសន្យាថា នឹងពាំនាំយកសំណើ របស់កម្ពុជាទៅ ផ្សព្វផ្សាយជូនធុរជន អ្នកទេសចរណ៍របស់សហព័ន្ធរុស្ស៊ី ដើម្បីមកធ្វើទស្សនកិច្ច និងបណ្ដាក់ទុនវិនិយោគនៅកម្ពុជា។
ឯកឧត្ដមបានបន្តថា ភាគីរុស្ស៊ីនឹងបន្តធ្វើសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យសំខាន់ៗមួយចំនួន ដោយស្នើឱ្យវិស័យពាក់ព័ន្ធនានា ដូចជាវិស័យវិទ្យាសាស្ត្របច្ចេកវិទ្យា វិស័យផលិតយានយន្តកសិកម្ម វិស័យដឹកជញ្ជូន និងភស្តុភារកម្ម និងវិស័យអប់រំជាដើមធ្វើទំនាក់ទំនងដោយផ្ទាល់ជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធរបស់កម្ពុជា។
ជាមួយគ្នានេះ ភាគីរុស្ស៉ីបានសំណូមពរឱ្យមានទំនាក់ទំនងគ្នាដោយផ្ទាល់រវាងប្រទេសទាំងពីរ ដើម្បីពង្រឹង សកម្មភាពពាណិជ្ជឱ្យមានកំណើនប្រកបដោយចីរភាព ដើម្បីជាផលប្រយោជន៍របស់ប្រជាជន ទាំងពីរប្រទេស៕ អត្ថបទ៖ បូរ៉ាវី



