កូដកម្ម និងបាតុកម្មតាមដងផ្លូវប្រកាសដោយសហជីពធំៗទាំងអស់ ដើម្បីបង្ហាញការរិះគន់ ចំពោះនយោបាយកាត់បន្ថយថវិកា ត្រូវបានរំពឹងទុកកើតឡើងទូទាំងប្រទេស នៅថ្ងៃព្រហស្បតិ៍ (ទី១៨ ខែកញ្ញា) នេះ ខណៈដែលនាយករដ្ឋមន្ត្រីថ្មី លោក Sébastien Lecornu ពិភាក្សាជាមួយគូប្រជែងនយោបាយ អំពីការទប់ស្កាត់ឱនភាព និងបំណុលដ៏ធំរបស់បារាំង។
សហជីពកំពុងជំរុញឲ្យលោក Lecornu ទម្លាក់ចោលសេចក្តីព្រាងវិធានការថវិកាដែលស្នើឡើងដោយអ្នកកាន់តំណែងមុនរបស់លោក ជាសំណើដែលរួមមានទាំងការបង្កកថវិកាសុខុមាលភាពសង្គម និងវិធានការកាត់បន្ថយដែលមនុស្សជាច្រើននិយាយថា នឹងប៉ះពាល់ដល់អំណាចនៃការទិញរបស់កម្មករមានប្រាក់ខែទាប និងមធ្យមបន្ថែមទៀត។ ក្នុងសេចក្តីថ្លែងការណ៍រួមមួយដែលចេញមុនមានការផ្លាស់ប្តូរនាយករដ្ឋមន្ត្រី កាលពីសប្តាហ៍មុន សហជីពបានពណ៌នាវិធានការបែបនេះថា ជា «ភាពគ្មានក្ដីមេត្តាមិនធ្លាប់មានពីមុនមក» ដោយបង្ហាញការសោកស្តាយដែលរដ្ឋាភិបាលមុនបាន «ជ្រើសរើសវិធីធ្វើឲ្យកម្មករ អ្នកធ្វើការមិនទៀងទាត់ អ្នកចូលនិវត្តន៍ និងអ្នកជំងឺជួបបញ្ហា»។ សហជីពក៏បន្តថ្កោលទោសផងដែរ ចំពោះកំណែទម្រង់សោធននិវត្តន៍របស់លោកប្រធានាធិបតី Emmanuel Macron ដែលបានបង្កើនអាយុចូលនិវត្តន៍អប្បបរមា ពី ៦២ ទៅ ៦៤ឆ្នាំ។
កាលពីថ្ងៃពុធ (ទី១៨ ខែកញ្ញា) រដ្ឋមន្ត្រីមហាផ្ទៃជិតចេញពីតំណែងលោក Bruno Retailleau បាននិយាយថា លោករំពឹងថា នឹងមាន «ការប្រមូលផ្តុំយ៉ាងធំ» នៅតាមដងផ្លូវ។ លោកបាននិយាយតាមទូរទស្សន៍ BFM TV ថា នគរបាល និងមន្ត្រីអាវុធហត្ថប្រមាណ ៨០.០០០នាក់ ត្រូវដាក់ពង្រាយនៅទូទាំងប្រទេស។
អំឡុងការតវ៉ានេះ ការរំខានត្រូវបានរំពឹងទុកថា នឹងកើតមានចំពោះវិស័យជាច្រើន ក្នុងនោះរួមមានទាំងការដឹកជញ្ជូនសាធារណៈ មន្ទីរពេទ្យ និងសាលារៀន។ ខ្សែរថភ្លើង ក្នុងតំបន់ ក៏ដូចជារថភ្លើងក្រោមដី និងរថភ្លើងនៅក្រុងប៉ារីស នឹងមានផលប៉ះពាល់ខ្លាំងជាងគេ។ កាលពីសប្តាហ៍មុន រយៈពេលមួយថ្ងៃនៃសកម្មភាពប្រឆាំងរដ្ឋាភិបាល នៅទូទាំងប្រទេសបារាំង បានឃើញថា នៅតាមដងផ្លូវមានពេញទៅដោយផ្សែងហុយ ភ្លើង និងឧស្ម័នបង្ហូរទឹកភ្នែក ខណៈដែលក្រុមបាតុករបានថ្កោលទោសការកាត់បន្ថយថវិកា និងចលាចលនយោបាយ៕