បាល់ទាត់៖ លោក គីម ភក្ដី គ្រូបង្វឹកក្រុមបឹងកេតបានបង្ហាញការសោកស្ដាយជាខ្លាំង ចំពោះបញ្ហារបួសរបស់ខ្សែប្រយុទ្ធស្នូល ចាន់ វឌ្ឍនា ខណៈរដូវកាលថ្មីខិតជិតមកដល់។ តែយ៉ាងណាលោករំពឹងថា កូនក្រុមនឹងខំប្រឹងពង្រឹងតំបន់ប្រយុទ្ធដើម្បីជាការតបស្នងចំពោះ វឌ្ឍនាកា ដែលខិតខំរហូតដល់រងរបួសនាពេលនេះ។

ការលោកឡើងបែបនេះបន្ទាប់ពីកីឡាករ ចាន់ វឌ្ឍនាកា ត្រូវធ្វើការវះកាត់ និងសម្រាកព្យាបាលយ៉ាងតិច ៦ខែក្រោយរូបគេរងរបួសដាច់សរសៃជង្គង់ខាងស្ដាំ (ACL) អំឡុងការប្រកួតរវាងក្រុមបឹងកេត និងវិសាខាក្នុងជំនួបពានរង្វាន់មិត្តភាពត្រៀមបើករដូវកាលថ្មី នៅកីឡដ្ឋានព្រីនស៍កាលពីថ្ងៃពុធកន្លងទៅ។ លោក គីម ភក្ដី បានសម្ដែងនូវការសោកស្ដាយ ចំពោះរឿងដែលកីឡាករគ្រប់រូបមិនចង់ជួប។ តែក្រោយត្រូវអវត្តមានសមាជិកដ៏សំខាន់រូបនេះលោកថា មានតែទទួលយកវា និងកែប្រែស្ថានការនេះឲ្យប្រសើរវិញ ដោយលោកសង្ឃឹមថា កីឡាករទាំងអស់នឹងយកចិត្តទុកដាក់ ហើយខិតខំប្រឹងប្រែងហ្វឹកហាត់ដើម្បីឲ្យតំបន់ប្រយុទ្ធមានប្រសិទ្ធភាព និងជាការតបស្នងដល់ការខិតខំប្រឹងប្រែងរបស់ ចាន់ វឌ្ឍនា រហូតដល់រូបគេមានរបួសបែបនេះ។
យ៉ាងណាក្ដីគេឃើញកីឡាករ ចាន់ វឌ្ឍនាកា បានបង្ហាញភាពក្លាហានលើបណ្ដាញសង្គម ដោយរូបគេបានត្រៀមខ្លួនរួចរាល់ក្នុងការប្រឈមមុខជាមួយការវះកាត់ និងត្រូវសម្រាកយ៉ាងហោច ៦ខែនេះ។ វឌ្ឍនាកា បានតាំងចិត្តថានឹងជម្នះឧបសគ្គនេះ ដើម្បីឆាប់បានវិលត្រឡប់ចូលទីលានវិញទៀតផង៕
អត្ថបទ៖ លី ឈុនឡា