រដ្ឋមន្រ្តីការបរទេសគុយបាលោក Bruno Rodriguez បានអំពាវនាវឲ្យអង្គការសហប្រជាជាតិ(UN) បញ្ឈប់សហរដ្ឋអាមេរិកពីការចាប់ផ្តើមសង្រ្គាមនៅក្នុងតំបន់ ស្របពេលមានភាពតានតឹងកើនឡើងជាមួយប្រទេសសម្ព័ន្ធមិត្តវេណេស៊ុយអេឡា ដោយសារការដំឡើងយោធានៅតំបន់ការ៉ាអ៊ីប ដើម្បីប្រយុទ្ធប្រឆាំងនឹងក្រុមមេខ្លោងជួញដូរគ្រឿងញៀន ។
លោក Rodriguez និយាយថា ការប្រយុទ្ធប្រឆាំងការជួញដូរគ្រឿងញៀនតាងនាមឲ្យសន្តិសុខជាតិសហរដ្ឋអាមេរិក គឺជាលេសដ៏អាក្រក់ និងគួរឲ្យអស់សំណើចមួយសម្រាប់ការឈ្លានពាន ។
លោកបន្តថា អ្វីដែលថ្មីនៅឆ្នាំនេះ គឺបរិបទអន្តរជាតិដែលកំណត់ឡើងដោយការកើនឡើងឯកតោភាគីនិយម ហើយនិងការពង្រឹងគោលនយោបាយឈ្លានពានរបស់សហរដ្ឋអាមេរិកប្រឆាំងនឹងគុយបា និងប្រឆាំងរាល់ប្រទេសនៅលើផែនដី ។
ភាពតានតឹងបានកើនឡើងរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងការ៉ាកាស ដែលជាសម្ព័ន្ធមិត្តសេដ្ឋកិច្ច និងនយោបាយដ៏សំខាន់បំផុតរបស់គុយបា ក្រោយការវាយប្រហាររបស់យោធាសហរដ្ឋអាមេរិកនៅតំបន់ការ៉ាអ៊ីប លើទូក ៣គ្រឿង ធ្វើដំណើរចេញពីវេណេស៊ុយអេឡា ដែលពួកគេអះអាងថា បានដឹកគ្រឿងញៀន ៕