យោងតាមការស្ទង់មតិថ្មីមួយ បានឱ្យដឹងថា នៅពេលដែលអន្តរជាតិប្រកាសអាសន្នកាន់តែខ្លាំងឡើងអំពីស្ថានភាពមនុស្សធម៌នៅក្នុងតំបន់សង្រ្គាមហ្កាហ្សាស្រ្ទីប មនុស្សពេញវ័យជនជាតិអាមេរិកកាន់តែច្រើនមើលឃើញសកម្មភាពយោធារបស់អ៊ីស្រាអែលនៅក្នុងទឹកដីប៉ាឡេស្ទីននេះ ថាជារឿងជ្រុលហួសហេតុពេកហើយ លើសពីពេលដើមដំបូងនៃសង្រ្គាម។
ការស្ទង់មតិពីមជ្ឈមណ្ឌលស្រាវជ្រាវកិច្ចការសាធារណៈ NORC របស់សារព័ត៌មាន AP ដែលធ្វើឡើងពីថ្ងៃទី១១ ដល់ទី១៥ ខែកញ្ញា លើជនជនអាមេរិក ១.១៨២នាក់ បានបង្ហាញថា ប្រហែលពាក់កណ្តាល ពោលគឺ ៤៩% នៃជនជាតិអាមេរិកក្នុងការស្ទង់មតិនេះ បាននិយាយថា ការឆ្លើយតបផ្នែកយោធាពីអ៊ីស្រាអែលនៅតំបន់ហ្កាហ្សាស្ទ្រីប "ហួសហេតុខ្លាំងណាស់"។ ចំណែកតួលេខ ៤៥% នៃមនុស្សពេញវ័យអាមេរិក ឥឡូវនេះនិយាយថា ជារឿងសំខាន់ "ខ្លាំងណាស់" ឬ "ខ្លាំង" សម្រាប់សហរដ្ឋអាមេរិក ក្នុងការផ្តល់ជំនួយមនុស្សធម៌ដល់ជនប៉ាឡេស្ទីននៅតំបន់ហ្កាហ្សា។
លទ្ធផលនេះគឺកើនឡើងខ្លាំងពីការស្ទង់មតិមួយនៅខែវិច្ឆិកា ឆ្នាំ២០២៣ ពោលគឺដើមដំបូងនៃសង្រ្គាម ដែលនៅពេលនោះ មានអ្នកឆ្លើយសំណួរ ៤០% ប៉ុណ្ណោះនិយាយថា សកម្មភាពយោធាអ៊ីស្រាអែល ហួសហេតុបែបនេះ។ ការផ្លាស់ប្តូរឥរិយាបទរបស់ពលរដ្ឋអាមេរិកលើសកម្មភាពរបស់អ៊ីស្រាអែលនេះ កើតឡើងស្របពេលអ៊ីស្រាអែល ចាប់ផ្តើមការវាយលុកជើងគោកកាន់តែខ្លាំងឡើងលើទីក្រុងហ្កាហ្សា។
អ៊ីស្រាអែលកំពុងប្រឈមនឹងការត្រួតពិនិត្យកាន់តែខ្លាំងឡើងជាអន្តរជាតិជុំវិញការប្រព្រឹត្តរបស់ខ្លួននៅតំបន់ហ្កាហ្សា ជាមួយនឹងក្រុមអ្នកជំនាញឯករាជ្យ ដែលត្រូវបានចាត់តាំងដោយក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ ក្នុងសប្តាហ៍នេះ បានប្រកាសថា ខ្លួនសន្និដ្ឋានថា អ៊ីស្រាអែលកំពុងតែប្រព្រឹត្តអំពើប្រល័យពូជសាសន៍៕