កងទ័ពអ៊ីស្រាអែលកំពុងវាយលុលទៅមុខចូលចំណុចកណ្តាលទីក្រុង ហ្កាហ្សា ពីទិសដៅចំនួនពីរ ធ្វើឲ្យពលរដ្ឋប៉ាឡេស្ទីនធ្លាក់ក្នុងភាពភ័យស្លន់ស្លោនិងបង្ខំពួកគេឆ្ពោះទៅឆ្នេរសមុទ្រក្នុងគោលបំណងដើម្បីបណ្តេញពួកគេចេញពីចំណុចកណ្តាលនៃទីក្រុងដ៏ធំបំផុតរបស់ដែនដីហែកហួរដោយសង្គ្រាមមួយនេះ។
ប្រភពវេជ្ជសាស្រ្តបានប្រាប់ទូរទស្សន៍ Al Jazeera ថា មនុស្សយ៉ាងហោចណាស់៤០ នាក់បានស្លាប់នៅក្នុងទីក្រុងហ្កាហ្សា កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ ។
អ្នកនាំពាក្យកងទ័ពអ៊ីស្រាអែល លោក Nadav Shoshani បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន Reuters កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ ថា ទ័ពថ្មើរជើង រថក្រោះ និងកាំភ្លើងធំកំពុងរុលទៅមុខក្នុងទីក្រុង ដែលគាំទ្រដោយកងទ័ពអាកាស ក្នុងគោលបំណងដាក់សម្ពាធលើក្រុមប្រដាប់អាវុធ ហាម៉ាស។
លោក Hani Mahmoud អ្នករាយការណ៍របស់សារព័ត៌មាន Al Jazeera បាននិយាយថា យោធាអ៊ីស្រាអែលកំពុងវាយរុលទៅមុខពីភាគពាយ័ព្យ និងភាគអាគ្នេយ៍ ជាចំណុចដែលមានមនុស្សរស់នៅច្រើន ហើយរុញពួកគេទៅភាគខាងលិចនៃទីក្រុង ជាទីដែលមានផ្លូវសណ្ដូកតាមឆ្នេរសមុទ្រ al-Rashid ឆ្ពោះទៅភាគខាងត្បូង។
ដោយកំពុងរាយការណ៍ពីជំរំ Nuseirat នៅកណ្តាលដែនដីហ្កាហ្សា លោកបាននិយាយថា ការវាយប្រហារលើសង្កាត់ដែលមានមនុស្សច្រើនកុះករ កំពុងបង្កឱ្យមានការភ័យស្លន់ស្លោ និងការភ័យខ្លាច ហើយជំរុញឱ្យមនុស្សរត់គេចពីសេចក្ដីស្លាប់ ។ យើងកំពុងមើលឃើញរលកនៃមនុស្សស្លាប់។
ប្រជាជននៅទីក្រុងហ្កាហ្សា បានប្រាប់ទូរទស្សន៍ Al Jazeera អំពីការវាយប្រហារឥតឈប់ឈរ រួមទាំង ការវាយប្រហារតាមអាកាសដោយយានដ្រូន យន្តហោះចម្បាំង ការបំផ្ទុះពីរូបយន្តបញ្ជាពីចម្ងាយនិង យានដ្រូនគ្មានមនុស្សបើកផ្ទុកទៅដោយគ្រឿងផ្ទុះដែលកងទ័ពអ៊ីស្រាអែលបាននិងកំពុងពង្រាយដើម្បីបំផ្ទុះសង្កាត់នានា នៅពេលខ្លួនរុលចូលក្នុងទីក្រុងនេះ៕