លោកជំទាវលីម ដារ៉ែន ជួន ណារិន្ទ បានបន្តការផ្តល់ជំនួយឧបត្ថម្ភម៉ូតូចំនួន៣គ្រឿង និងសម្ភារ ជូនទៅដល់វីរកងទ័ពដែលកំពុងឈរជើងការពារបូរណភាពទឹកដីកម្ពុជា ប្រចាំទិសខេត្តព្រះវិហារ ។
ជំនួយឧបត្ថម្ភ ត្រូវបានផ្តល់ទៅ ទី១៖ វីរយុទ្ធជន ជឺ រិទ្ធី មេបញ្ជាការវរការពារព្រំដែនលេខ៣៧១ នៃកងពលតូចអន្តរាគមន៍លេខ៧ ឈរជើងនៅទិសភ្នំខ្មោច ។ ទី២៖ វីរយុទ្ធជន អុំ ថេត មេបញ្ជាការកងអនុសេនាធំលែខ៣ កងពលតូចអន្តរាគមន៍លេខ១ ឈរជើងនៅវាលឥន្ទ្រីយ៍ ។ ទី៣៖ វីរយុទ្ធជន សាន គឹមសៀង មេបញ្ជាការកងអនុសេនាធំទី៣ វរសេនាតូចលេខ៣៩២ នៃកងពលតូចអន្តរាគមន៍លេខ៩ ឈរជើងនៅមុំបី។ ក្នុងកងអង្គភាពនីមួយៗ ទទួលបានម៉ូតូចំនួន០១គ្រឿង និង Power Bank ចំនួន២០ដុំផងដែរ ។
លោកជំទាវលីម ដារ៉ែន ជួន ណារិន្ទ ក៏សូមសម្តែងនូវទឹកចិត្តនឹករលឹក និងផ្ញើរក្តីស្រលាញ់ជ្រាលជ្រៅបំផុតចំពោះស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងបុព្វហេតុការពារទឹកដីរបស់កងកម្លាំងទាំងអស់ នៅតាមបន្ទាត់ព្រំដែន។ ត្បិតលោកជំទាវ និងក្រុមគ្រួសារ មិនបានចូលរួមជាមួយសកម្មភាពពិតនៅក្នុងសមរភូមិមុខក៏ពិតមែន ក៏ប៉ុន្តែក្នុងនាមជាអ្នកឈរជួរក្រោយ គឺនៅចាំផ្តល់ជាជំនួយនានាជានិច្ចទៅតាមលទ្ធភាព ពិសេសការនៅពីចម្ងាយចាំគាំទ្រ និងលើកទឹកចិត្តឥតងាករេចំពោះ វីរភាពអង់អាចហានក្លារបស់កងកម្លាំងការពារព្រំដែនទាំងអស់ មិនថាជាវីរកងនគរបាលជាតិ ឬយោធានោះឡើយ។
នេះមិនមែនជាលើកទី១នោះឡើយ កន្លងទៅលោកជំទាវ លីម ដារ៉ែន ជួន ណារិន្ទ តែងតែបានផ្តល់ជំនួយឧបត្ថម្ភជាបន្តបន្ទាប់ មានម៉ូតូជាច្រើនគ្រឿង និងសម្ភារៈមួយចំនួនធំ ទៅកាន់ វីរកងនគរបាល និងកងទ័ព ប្រចាំទិសខេត្តព្រះវិហារ៕ លីហេង




