ភ្នំពេញ៖ រដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន បានផ្តល់ឱសថព្យាបាលជំងឺកូវីដ-១៩ ចំនួនជាង១តោន ដែលមានចំនួន២៣១កេស ទម្ងន់ ១១២៥គីឡូក្រាម ដល់គណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលកម្ពុជា-ចិន។
ក្នុងពិធីប្រគល់-ទទួលខាងលើនេះ ប្រារព្ធឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ឧបនាយករដ្ឋមន្រី្ត ហោ ណាំហុង សហប្រធានគណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលកម្ពុជា-ចិន ឯកឧត្តម វាង វិនធាន ឯកអគ្គរដ្ឋទូតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា ជាមួយឯកឧត្តម សាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រី្តក្រសួងសុខាភិបាល ដើម្បីចាត់ចែងព្យាបាលអ្នកកើតជំងឺកូវីដ-១៩ ជាពិសេសក្នុងពេលដែលមានមេរោគបំប្លែងថ្មី អូមីក្រុងនេះ នាទីសី្តការក្រសួង ព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០២២នេះ។
ឯកឧត្តម ឧបនាយករដ្ឋមន្រី្ត ហោ ណាំហុង បានថ្លែងថា ទោះជាមានការរាតត្បាតជំងឺកូវីដ-១៩ ដោយមានការណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រី្ត ដែលមានក្រសួងសុខាភិបាល ជាសេនាធិការកម្ពុជា បានទប់ស្កាត់ការរាតត្បាតនូវជំងឺកូវីដ-១៩ ព្រមទាំងការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩នេះ បានចំនួន៨៩,៦៦ភាគរយ។
ភាពជោគជ័យនៃការទប់ស្កាត់ជំងឺកូវី-១៩ នៅព្រះរាជាណាចក្រកម្ពុជា ក៏មានការរួមចំណែករបស់រដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន នូវវ៉ាក់សាំងជាច្រើនលានដូសមកកម្ពុជា ព្រមទាំងបរិក្ខារពេទ្យទំនើបៗផ្សេងៗទៀតជាច្រើន។
ឯកឧត្តម វាង វិនធាន ឯកអគ្គរដ្ឋទូតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថា ចាប់តាំងពីប្រទេសកម្ពុជា មានករណីដំបូងនៃមេរោគកូវីដ-១៩មក គឺភាគីចិន និងកម្ពុជា បានជួយគ្នាទៅវិញទៅមកពួតដៃគ្នា។
បច្ចុប្បន្នប្រទេសកម្ពុជាបានគ្រប់គ្រងជំងឺកូវីដ-១៩ល្អប្រសើរ អត្រានៃការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជាលំដាប់ឈានមុខគេ ក្នុងបណ្តាប្រទេសលើពិភពលោក។ សេដ្ឋកិច្ច និងការអភិវឌ្ឍន៍រីកចម្រើន នៅក្នុងវិស័យសេដ្ឋកិច្ច ត្រូវបានស្តារឡើងវិញជាលំដាប់ គឺប្រទេសចិន ដែលជាមិត្តដែកថែបរបស់កម្ពុជា ពិតជាមានទឹកចិត្តសប្បាយរីករាយមែនទែន។
ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តម សាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រី្តក្រសួងសុខាភិបាល បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះឯកឧត្តម ឧបនាយករដ្ឋមន្រី្ត ហោ ណាំហុង ដែលបានសម្របសម្រួលជាមួយភាគីចិន ដែលមានឯកឧត្តម ឯកអគ្គរដ្ឋទូតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា បានផ្តល់ជាថ្មីម្តងទៀត នូវឱសថព្យាបាលជំងឺកូវីដ-១៩ ជាពិសេសក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីចិន សូមប្រសិទ្ធពរជូនឯកអគ្គរដ្ឋទូតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា ព្រមទាំងសហការរីកទាំងអស់ ទទួលបានជោគជ័យគ្រប់ភារកិច្ច៕ អត្ថបទ៖ រដ្ឋា




