តាខ្មៅ៖ ពិធីសែនចូលឆ្នាំចិន កាន់តែខិតជិតចូលមកដល់ក្រុមម៉ុងសាយ នៃសមាគមខ្មែរ-ចិន ខេត្តកណ្ដាល កំពុងមមាញឹកសម្រុកហ្វឹកហាត់រៀងរាល់ល្ងាចកាន់តែច្រើន។ ការសម្រុកហាត់នេះ ក៏ព្រោះតែដោយសារ រយៈពេលហាត់មានពេលខ្លីត្រឹមប្រមាណ ១ខែកន្លះ ដែលរាល់ឆ្នាំមានពេលហាត់រហូតដល់ប្រមាណ៣ខែ មុនចូលឆ្នាំចិន។
ការហ្វឹកហាត់សម្រាប់ក្រុមម៉ុងសាយ មុននឹងការសម្ដែងក្នុងពិធីសែនចូលឆ្នាំ គឺជារឿងចាំបាច់។ នេះជាការលើកឡើងរបស់លោក ឌុល គោ ជាគ្រូបង្វឹកម៉ុងសាយសមាគមខ្មែរ-ចិនខេត្តកណ្ដាល។ សម្រាប់ក្រុមម៉ុងសាយ របស់លោក ខណៈនេះ គឺកំពុងសម្រុកហ្វឹកហាត់កាន់តែខ្លាំងក្លា ព្រោះរយៈពេលហាត់ឆ្នាំនេះ មានត្រឹមប្រមាណ១ខែកន្លះ ដែលពេលវេលាត្រូវហាត់ជាធម្មតា គឺក្នុងរង្វង់ជាង៣ខែ។
ទោះមានពេលវេលាខ្លីជាងពេលធម្មតាយ៉ាងណាក្ដី គ្រូបង្វឹកអះអាងថា ក្រុមរបស់លោកអាចធ្វើវាបាន និងមានសមត្ថភាពគ្រប់គ្រាន់សម្រាប់ការឡកសម្ដែង ជូនតាមតម្រូវការរបស់ប្រជាពលរដ្ឋខ្មែរកាត់សែចិនទាំងអស់។ សម្រាប់ឆ្នាំនេះ ខណៈដែលកម្ពុជាបានបើកប្រទេសឡើងវិញលើគ្រប់វិស័យ និងករណីឆ្លងមានការថយចុះ លោកក៏ទទួលបានការអញ្ជើញទៅសម្ដែងនាំលាភនាំជ័យ ជាច្រើនផងដែរ។
ចំពោះក្រុមយុវជន ដែលចំណាយពេលជាច្រើនម៉ោងសម្រាប់កាល់រហ្វឹកហាត់រៀងរាល់ល្ងាច លើកឡើងថា ការហ្វឹកហាត់ពុំមែនជារឿងងាយស្រួលប៉ុន្មាននោះទេ ទោះបីពួកគាត់មានបទពិសោធន៍យ៉ាងណាក្ដី។ ពួកគាត់បញ្ជាក់ថា ការហាត់ដំបូងៗគឺមានភាពហត់ខ្លាំង ជាពិសេសភាពគ្រោះថ្នាក់ដែលអាចកើតឡើង បើធ្វេសប្រហែស។
ជាជំនឿរបស់ប្រជាពលរដ្ឋខ្មែរកាត់ចិន គឺជឿថា ម៉ុងសាយ អាចបណ្ដេញភាពចង្រៃឧបទ្រពកម្ចាត់ភាវៈអាក្រក់ និងបណ្ដេញព្រលឹងបិសាចឱ្យចេញឆ្ងាយ និងនាំមកវិញនូវលាភសំណាងជូនដល់ក្រុមគ្រួសារ។
អត្ថន័យនៃការឡកម៉ុងសាយ ក៏ស្រដៀងទៅនឹងសម្ដែងរបាំត្រុដិរបស់ខ្មែរផងដែរ ព្រោះរបាំត្រុដិរបស់ខ្មែរ តែងត្រូវបានសម្ដែងក្នុងកំឡុងពិធីបុណ្យចូលឆ្នាំខ្មែរ ដើម្បីបណ្ដេញឧបទ្រពចង្រៃក្នុងឆ្នាំចាស់ និងនាំមកនូវភាពសម្បូរសប្បាយ សុភមង្គលសម្រាប់ឆ្នាំថ្មី៕
អត្ថបទ៖ គឹមហុក