រដ្ឋាភិបាលបាននិយាយថា យន្តហោះយោធារបស់រុស្ស៊ីចំនួនបីគ្រឿងកាលពីថ្ងៃសុក្រ ទី១៩ ខែកញ្ញា បានរំលោភលើដែនអាកាសរបស់ប្រទេសអេស្តូនីដែលជាសមាជិកសម្ព័ន្ធយោធាណាតូរយៈពេល១២នាទីក្នុងការលុកលុយដែល«មិនធ្លាប់មានពីមុនមក» ក្នុងពេលមានភាពតានតឹងកើនឡើងនៅស្លាបខាងកើតរបស់សម្ព័ន្ធនេះ។ ឧបទ្ទវហេតុកើតឡើង រយៈពេលជាងមួយសប្តាហ៍បន្ទាប់ពីយានដ្រូនរុស្ស៊ីជាង២០គ្រឿងបានចូលទៅក្នុងដែនអាកាសរបស់ប្រទេសប៉ូឡូញកាលពីយប់ថ្ងៃទី ៩និងទី១០ខែកញ្ញាដោយជំរុញឱ្យយន្តហោះរបស់សម្ព័ន្ធយោធាណាតូបាញ់ទម្លាក់បានយានដ្រូនមួយចំនួន ហើយមន្រ្តីប្រទេសលោកខាងលិចនិយាយថារុស្ស៊ីកំពុងសាកល្បងការត្រៀមខ្លួននិងដោះស្រាយរបស់សម្ព័ន្ធយោធាណាតូ។ ការរំលោភដែនអាកាសនេះ កើតឡើងរយៈបីថ្ងៃបន្ទាប់ពីកងកម្លាំងយោធារុស្ស៊ីនិងបេឡារុស បានបញ្ចប់ការធ្វើសមយុទ្ធយោធារួមគ្នាមានឈ្មោះថា Zapad 2025។ មន្ត្រីទីក្រុង Tallinn បាននិយាយកាលពីថ្ងៃសុក្រថា យន្តហោះប្រយុទ្ធ MiG-31 ចំនួនបីគ្រឿងបានហោះចូលក្នុងដែនអាកាសរបស់ប្រទេសអេស្តូនីដោយគ្មានការអនុញ្ញាត ហើយបានស្ថិតនៅទីនោះរយៈពេល ១២នាទី។ រដ្ឋមន្ត្រីការបរទេស លោក Margus Tsahkna បាននិយាយថា «រុស្ស៊ីបានរំលោភលើដែនអាកាសរបស់ប្រទេសអេស្តូនីបួនដងរួចមកហើយនៅឆ្នាំនេះ ដែលជាការមិនអាចទទួលយកបាន ប៉ុន្តែការបំពាននៅថ្ងៃនេះអំឡុងពេលដែលយន្តហោះចម្បាំងបីគ្រឿងបានចូលដែនអាកាសរបស់យើង គឺពិតជាមានភាពគឃ្លើនដែលមិនធ្លាប់មានពីមុនមក»។ ក្រសួងការពារជាតិរុស្ស៊ី មិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយទេ។
យន្តហោះរបស់ប្រទេសរុស្ស៊ីតែងតែហោះហើរជាប្រចាំនៅលើសមុទ្របាល់ទិករវាងរុស្ស៊ីដីគោកនិងតំបន់ Kaliningrad ជាកន្លែងដែលកងនាវានៅសមុទ្របាល់ទិករបស់រុស្ស៊ី មានមូលដ្ឋាននៅទីនោះ។

